(សហរដ្ឋអាមេរិក)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើន សេដ្ឋកិច្ចសកល ដូចនេះត្រូវពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើវិធានច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក ជាអង្គការស្នួលដែលអាចលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់បន្ថយរបាំងពាណិជ្ជកម្ម។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានឡើងថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «បន្ថែមលើនេះ ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការ ប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើន សេដ្ឋកិច្ចសកល។ អាស្រ័យហេតុនេះ ការផ្លាស់ប្តូរជាមូលដ្ឋានទៅមុខនៃដំណើរការសង្គម សេដ្ឋកិច្ច និងនយោបាយ គឺត្រូវពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើវិធានច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក ជាអង្គការស្នួលដែលអាចលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងធានាភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា យើងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងលើគោលនយោបាយឌីជីថល ប្រកប ដោយបរិយាប័ន្ន និងក្របខណ្ឌបទប្បញ្ញត្តិអំណោយផល ដែលនាំទៅរកការវិនិយោគកាន់តែច្រើន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រោះវាមានសារៈសំខាន់សម្រាប់តភ្ជាប់គម្លាតឌីជីថល ដែលកំពុងកើនឡើង និងបង្កើតប្រភពនៃកំណើនថ្មី។ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាផ្នែកមួយមិនអាចខ្វះបានក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។

ឆ្លៀតក្នុងឱកាសថ្លែងសន្ទរកថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សម្រាប់ឆ្នាំនេះ កម្ពុជាមានកិត្តិយសក្នុងការធ្វើជាប្រធានអាស៊ាន។ មកដល់បច្ចុប្បន្ន អង្គការនេះមានអាយុ៥៥ឆ្នាំ ហើយយើងមានមោទនភាពក្នុងការអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់យើង និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដែលយើងសម្រេចបានជាបន្តបន្ទាប់»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អាស៊ានអាចមានលទ្ធភាពធ្វើដំណើរឆ្លងកាត់សភាពការណ៍ភូមិសាស្ត្រនយោបាយ ដែលមានការផ្លាស់ប្ដូរឥតឈប់ឈរក្លាយជាអង្គការតំបន់ដ៏លេចធ្លោ និងជោគជ័យបំផុត ខណៈដែលមានការបោះជំហានយ៉ាងខ្លាំង ក្នុងការជំរុញភាពជឿទុកចិត្តបាន និងភាពពាក់ព័ន្ធក្នុងកិច្ចការពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់នៃកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ គឺធ្វើឡើងក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលបង្ហាញពីស្មារតីរឹងមាំនៃការរួបរួមគ្នា គ្របដណ្តប់លើបញ្ហាចម្បងៗទាំងអស់ ដែលសម្តេចបានលើកឡើងពីខាងដើម។ ជាការពិតបញ្ហាប្រឈមទាំងនេះមានផលប៉ះពាល់យ៉ាងទូលំទូលាយលើដំណើរការ កសាងសហគមន៍អាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់យើង។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរ បានអះអាងថា៖ «ក្នុងនាមជាប្រធានអាស៊ានកម្ពុជា បានប្តេជ្ញាចិត្តដូចសព្វដង ក្នុងការច្របាច់បញ្ចូលកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយនូវគោលដៅរួមក្នុងការនាំមកនូវផលប្រយោជន៍ដល់ប្រជាជនរបស់យើងដោយផ្អែកលើស្មារតីនៃមជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ាន»