(សហរដ្ឋអាមេរិក)៖ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះទម្រង់ថ្មីៗនៃវីរុសបំប្លែងខ្លួន និងជំងឺឆ្លងផ្សេងៗ កំពុងតែលេចឡើងជាបន្តបន្ទាប់។

សម្តេចតេជោ ក៏បានបង្ហាញនូវក្តីព្រួយបារម្មណ៍ដែរថា តើនឹងមានអ្វីផ្សេងទៀត ដែលអាចនឹងកើតមានឡើងនាពេលអនាគត? ខណៈដែលប្រព័ន្ធសុខាភិបាលសកលមួយដ៏រឹងមាំ ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ដែលមានតួនាទីស្នូលក្នុងការសម្របសម្រួល អាចជួយកសាងប្រព័ន្ធសុខាភិបាលជាតិមួយ កាន់តែមានភាពធន់ និងនិរន្តរភាព។

សូមបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកនេះ ដែលបានធ្វើឡើងក្រោមប្រធានបទ «ចំណុចរបត់សំខាន់ នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវិត្តកម្ម ចំពោះបញ្ហាប្រឈម ប្រទាក់ក្រឡាគ្នា»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ទម្រង់ថ្មីៗនៃវីរុសបំប្លែងខ្លួន និងជំងឺឆ្លងផ្សេងៗ កំពុងតែលេចឡើងជាបន្តបន្ទាប់។ តើនឹងមានអ្វីផ្សេងទៀត ដែលអាចនឹង កើតមានឡើងនាពេលអនាគត? ប្រព័ន្ធសុខាភិបាលសកលមួយដ៏ រឹងមាំជាពិសេសអង្គការសុខភាពពិភពលោក (WHO) ដែលមានតួនាទីស្នូលក្នុងការសម្របសម្រួល អាចជួយកសាងប្រព័ន្ធសុខាភិបាលជាតិមួយកាន់តែមានភាពធន់ និងនិរន្តរភាព»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្របជាមួយគ្នានេះការចែកចាយវ៉ាក់សាំង ដោយឈរលើយន្តការពហុភាគី ប្រកបដោយការបើកចំហ និងតម្លាភាព ជំរុញដោយគោលការណ៍ទទួលខុសត្រូវរួមពិតប្រាកដ គឺជាមធ្យោបាយតែមួយគត់សម្រាប់ទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗនាអនាគត រួមទាំងការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ការគំរាមកំហែងដែលកើតមានចំពោះមនុស្សជាតិ គឺភាពងាយរងគ្រោះរបស់យើងចំពោះការប្រែប្រួលអាកាសធាតុ ដែលចាំ បាច់ត្រូវផ្លាស់ប្តូរដំណើរការនៃការដោះស្រាយបញ្ហាអាកាសធាតុនាពេលនេះ ដោយមិនអាចរង់ចាំថ្ងៃស្អែកបាននោះទេ។ អស់រយៈពេល ៥០ឆ្នាំមកហើយចាប់តាំងពី រដ្ឋាភិបាលត្រូវបានទទួលការព្រមាន អំពីការផ្លាស់ប្តូរទម្រង់ផលិតកម្ម និងការប្រើប្រាស់របស់យើងដើម្បីចៀសវាងគ្រោះមហន្តរាយនេះ៕