(ញូវយ៉ក)៖ ក្នុងឱកាសថ្លែងសុន្ទរកថា នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅវេលាម៉ោងប្រមាណ ១២៖៣០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅក្រុងញូវយ៉ក) ត្រូវនឹងវេលាម៉ោងប្រមាណ ១១យប់ (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅបណ្តាមេដឹកនាំពិភពលោកថា យើងត្រូវតែទទួលស្គាល់ថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គឺស្មុគស្មាញជាមួយនឹងមូលហេតុដែលចាក់ឬសយ៉ាងជ្រៅ។

សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ធ្វើឡើងក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»។ ទន្ទឹមនឹងការថ្លែងពីខ្លឹមសារសំខាន់ៗមួយចំនួននោះ បញ្ហាមីយ៉ាន់ម៉ា ក៏ត្រូវបានប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា លើកឡើងផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ពិតណាស់ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានសភាពគួរឱ្យព្រួយបារម្ភ ដែលអាចបង្កជាផលប៉ះពាល់ដោយផ្ទាល់ទៅលើសន្តិសុខ និងស្ថិរភាពនៃតំបន់ទាំងមូល ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា វិបត្តិនេះ គឺស្មុគស្មាញជាមួយនឹងមូលហេតុដែលចាក់ឬសយ៉ាងជ្រៅ»

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រាប់ពិភពលោកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងនាមជាប្រធានអាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ហើយនិងបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះ។

កិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន ត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគោលការណ៍ទាំង ៥ចំណុចនេះ រួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ក្នុងសុន្ទរកថានាយប់នេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកល ដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង។ ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង៕