(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ ពីលើវេទិការបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតប្រកាសបង្ហាញពីជោគជ័យនៃដំណើរការសាលាក្តីខ្មែរក្រហម ដែលជាសាលាក្តីកូនកាត់ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានចាត់ទុកភាពជោគជ័យនេះ ជាកិច្ចសហប្រតិបត្តិការមួយដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការនាំមកនូវយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងសុន្ទរថានាមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាវេលាម៉ោងប្រមាណ ១៖៤៩នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា (ម៉ោងនៅញូវយ៉ក) ត្រូវនឹងម៉ោង ១២៖៤៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់អំពីការសម្រេចរបស់ អង្គជំនុំជម្រះកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងការរក្សាសាលដីកា តម្កល់ការផ្តន្ទាទោសអស់មួយជីវិតលើ លោក ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានហៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជា និងអង្គការសហប្រជាជាតិ តាមរយៈសាលាក្តីកូនកាត់ នៅក្នុងការនាំមកនូវយុត្តិធម៌ដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជនជាតិឯង។

សម្តេចតេជោ បានគូសបញ្ជាក់ថា «យើងអាចប្រកាសប្រាប់ពិភពលោកអំពីការពិតដែលបានរកឃើញ និងយុត្តិធម៌ដែលត្រូវបានការពារ ហើយផ្សព្វផ្សាយដល់ពិភពលោកថា ឧក្រិដ្ឋកម្មបែបនេះមិនគួរកើតឡើងម្តងទៀតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិឡើយ»

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណចំពោះប្រទេសផ្តល់ជំនួយទាំងឡាយ ដែលបានផ្ដល់ថវិកាគាំទ្រ និងថ្លែងអរគុណចំពោះជនរួមជាតិកម្ពុជាទាំងអស់ នៅក្នុងការសហការពង្រឹងដំណើរការផ្សះផ្សាជាតិ។

ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស កាលពីថ្ងៃទី២២ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងបញ្ហានេះផងដែរ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា សម្តេចបានរង់ចាំអស់រយៈពេល ៤៣ឆ្នាំមកហើយ សម្រាប់ការស្វែងរកយុត្តិធម៌ ខណៈ ៤៣ឆ្នាំមុន ពលរដ្ឋកម្ពុជា បានរួចផុតពីការស្លាប់នៃរបបប្រល័យពូជសាសន៍។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជននាពេលនេះ ក្នុងគោលដៅបង្ការកុំឱ្យមានព្រឹត្តិការណ៍ប្រល័យពូជសាសន៍នេះកើតមានជាថ្មីទៀត នៅលើទឹកដីកម្ពុជា។

សូមបញ្ជាក់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅថាសាលាក្តីខ្មែរក្រហម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម។ សាលដីកានេះ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន ដោយផ្តន្ទាទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក បានឱ្យដឹងថា សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះ ជាការបិទបញ្ចប់សំណុំរឿង ០០២/០២ ក៏ដូចជាសំណុំរឿង ០០២ទាំងមូល ក្រោយពេលដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន។

សំណុំរឿង០០២ ជាសំណុំរឿងដ៏មានសារសំខាន់ដែលបណ្តុំទៅដោយអតីតមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ៤រូប ជាជនជាប់ចោទ រួមមានទី១៖ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហម, ទី២៖ លោក ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម, ទី៣៖ លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម និងទី៤៖ លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម។

នៅចុងបញ្ចប់នៃសំណុំរឿងនេះ ជនជាប់ចោទ ១រូប ក្នុងចំណោម ៤រូប គឺអតីតប្រធានគណៈប្រធានរដ្ឋ ខៀវ សំផន បច្ចុប្បន្ននេះ មានអាយុ៩១ឆ្នាំ នៅរស់រានមានជីវិត និងបានចូលរួមក្នុងដំណើរការនីតិវិធីច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង ខណៈជនជាប់ចោទ ៣រូបផ្សេងទៀតរួមមាន៖ លោក អៀង សារី (ស្លាប់ខែមីនា ឆ្នាំ២០១៣) និងលោកស្រី អៀង ធីរិទ្ធ (ស្លាប់នៅខែសីហា ឆ្នាំ២០១៥ ក្រោយរកឃើញថាមានជំងឺវង្វេងវង្វាន់បាត់ការចងចាំ) បានស្លាប់នៅក្នុងដំណើរការនីតិវិធីជំនុំជម្រះ រីឯលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហមមានពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងបានស្លាប់នៅក្នុងដំណាក់កាលបណ្តឹងសារទុក្ខក្នុងសំណុំរឿង ០០២/០២ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សាលដីកាសំណុំរឿង ០០២/០២ ពាក់ព័ន្ធជនជាប់ចោទ ខៀវ សំផន គឺជាសាលដីចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងបេសកកម្មស្វែងរកការពិត និងយុត្តិធម៌ជូនជនរងគ្រោះកម្ពុជាតាមរយៈការជំនុំជម្រះក្តីប្រឆាំងទៅលើជនពីរជំពូកគឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតលើឧក្រិដ្ឋកម្ម ដែលបាន ប្រព្រឹត្តឡើងនៅ ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលក្នុងនោះពលរដ្ឋខ្មែរចន្លោះ ១,៧លាន ទៅ ២,២លាននាក់ បានស្លាប់បាត់បង់ជីវិតដោយអំពើអមនុស្សផ្សេងៗ។

លោកបន្តថា នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយ ទៀតរបស់តុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិ និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជន កម្ពុជាជាពិសេសជនរងគ្រោះនៃរបបខ្មែរក្រហម ដែលបានទទួលនូវសាលដីកាថ្មីមួយទៀត និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ៕