(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់កុមាររដូវកាលទីពីរ ឆ្នាំ២០១៦ «RHP Cambodia Junior Fooball Cup 2016» ដោយមានការរៀបចំ ដោយសម្ព័ន្ធធនាគារ RHP ដែលជាធនាគារផ្តល់សេវាហិរញ្ញវត្ថុដ៏ធំ របស់ម៉ាឡេស៊ី ត្រូវបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីមានការប្រកួតជម្រុះ៣០ក្រុម មកពីសាលាផ្សេងៗគ្នា ដោយសាលាគៀនឃ្លំាង ជាអ្នកលើកពានរង្វាន់ប្រចាំឆ្នាំ២០១៦នេះ។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនៅ ក្លឹបកីឡា ព្រីមមៀម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងខ័ណ្ឌទួលគោក។
លោក លឹម លូងសេង អគ្គនាយកនៃធនាគារ អអេចប៊ី ឥណ្តូឆៃណា បានមានប្រសាសន៍ ក្នុងកម្មវិធីនោះថា «យើងមានសេក្តីរីករាយយ៉ាងខ្លាំង ដែលការប្រកួតបាល់ទាត់កុមារ របស់ធនាគារ អអេចប៊ី កំពុងមានការទាក់ទាញ ការចូលរួមកាន់តែច្រើនឡើងៗ ពីសំណាក់កុមារ កម្ពុជាចូលរួមក្នុងការប្រកួតបាល់ទាត់នេះ ជារៀងរាល់ឆ្នាំ។ គោលបំណងរបស់យើង គឺរក្សាការកែលម្អគុណភាព នៃព្រឹត្តិការណ៍ និងផ្តល់អត្ថប្រយោជន៍ដល់កុមារវ័យក្មេងកម្ពុជា ដោយផ្តល់ឱកាសឱ្យពួកគេ បានបញ្ចេញទេពកោសល្យ ក្នុងការលេងកីឡាបាល់ទាត់ និងមានការជួបផ្ទាល់ ជាមួយកីឡាករជំរើសជាតិ»។
លោកបន្តថា «យើងសង្ឃឹមថាការប្រកួត បាល់ទាត់កុមារ របស់ធនាគារ អអេចប៊ី បានអនុញ្ញាតឱ្យកុមារបង្កើតចំណង មិត្ដភាពយូរអង្វែង ខណៈដែលការប្រកួតនេះ ក៏បានផ្តល់នូវជំនាញកាន់តែប្រសើរជាងមុន និងជួយបន្ថែមលើកាយសម្បទាន របស់ពួកគាត់ឲ្យមានសុខភាពល្អ»។
ដោយឡែក លោក ម៉ៃ តុលា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានមានប្រសាសន៍ ដែរថា «យើងកំពុងមានភាពរីករាយ លើវិស័យកីឡាបាល់ទាត់កម្ពុជាវ័យក្មេង ព្រោះមានការកើនឡើង នូវការចាប់អារម្មណ៍ សម្រាប់លទ្ធផលនេះ គឺជាជំហានសំខាន់ ដែលនឹងនាំមកនូវការធ្វើឲ្យប្រសើរឡើង ដល់សហគមន៍កីឡាបាល់ទាត់ នៅកម្ពុជា ឲ្យមានការរីកចម្រើនលឿន ក្នុងរយៈពេលអនាគតខាងមុខដ៏វេងឆ្ងាយ។ យើងសង្ឃឹមជឿជាក់ថា នឹងអាចស្វែងរក កុមារដែលមាន ទេពកោសល្យក្នុងការប្រកួតផ្សេងៗ ដូចជាព្រឹត្តិការណ៍ ប្រកួតបាល់ទាត់របស់ ធនាគារ អអេចប៊ី ឆ្នាំ ២០១៦ នេះផងដែរ និង ជំរុញឲ្យពួកគាត់បន្តអាជីព ជាកីឡាករបាល់ទាត់»។
សូមបញ្ជាក់ថា កម្មវិធីក្នុងឆ្នាំនេះ បានទាក់ទាញកុមារឲ្យចូលរួមមានចំនួន ២៣០នាក់ មកពីសាលាបឋមសិក្សាចំនួន១៦ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ដោយចំនួននេះ មានការកើនឡើងរហូតដល់១៥ភាគរយ បើធៀមនឹងឆ្នាំ២០១៥។ ការប្រកួតបាល់ទាត់កុមារ កម្ពុជាធនាគារ អ អេច ប៊ី នេះ គឺមានមោទនភាពដោយទទួលបានការគាំទ្រ ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្លឹបបាល់ទាល់ណាហ្គាវើល ដែលជាក្លឹបបាល់ទាល់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា ផងដែរ៕