(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ជា ខេមា អភិបាលខណ្ឌ, លោក លី ប៊ុនអេង ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោក ចាប ឌីណា អភិបាលរងខណ្ឌ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ នៅយប់ថ្ងៃទី២៣ ខែកញ្ញានេះ បានបន្តប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែងទៀតនៅភោជនីយដ្ឋាន Pockle Parrot ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។
លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន៣នាក់ ពេលកំពុងលេងបៀរ និងជនជាតិខ្មែរ២នាក់ ម្នាក់ជាអ្នកចែកបៀរ និងម្នាក់ទៀតជាអ្នកបម្រើនៅក្នុងហាង។
បើតាមលោក ចាប ឌីណា ក្រៅពីការឃាត់ខ្លួនមនុស្សទាំង៥នាក់ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនផងដែរ ដើម្បីចាត់ការបន្តទៀតតាមនីតិវិធី៕