(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានច្រានចោលនូវពាក្យបណ្តឹង លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភី បញ្ញាជន ដែលបានពាក្យប្តឹង ថ្នាក់ដឹកនាំ គ.ជ.ប អំពីករណីពុករលួយ ដោយយោងថា ការបណ្តឹងនេះមិនមានមូលដ្ឋានច្បាស់លាស់ ហើយគ្មានតម្រុយអ្វីដែលនាំឱ្យ ACU បើកការស៊ើបអង្កេតបាន។
កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ៤រូបរួមមាន លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក ហង់ ពុទ្ធ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ និងលោក ម៉ោង សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប អំពីការឃុបឃិតគ្នាប្រព្រឹត្តិ អំពើពុករលួយក្នុងការតែងតាំង និងការធ្វើ សមាហរណកម្ម មន្រ្តីរាជការក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ប្រព្រឹត្តក្នុងខែមករា ឆ្នាំ២០១៦។
ទោះជាយ៉ាងណា លោក រស់ សារ៉ុម តាមរយៈវេទិកានោះ បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់ ACU។ ប៉ុន្តែលោក អះអាងថា លោកស្វាគមន៍ ហើយហ៊ានប្រឈមមុខចំពោះផ្លូវច្បាប់ បើសិនជាមានបណ្តឹងតបពី គណៈកម្មាធិការរៀបចំការបោះឆ្នោត។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ បន្ទាប់ពីមានការទម្លាយពាក្យបណ្តឹងរបស់ លោក រស់ សារ៉ុម ទៅ ACUនោះ គ.ជ.ប បានទាមទារឱ្យប្រធានសមាគមនេះ ទទួលខុសត្រូវចំពោះមុខច្បាប់ រឿងបរិហារកេរ្តិ៍ថ្នាក់ដឹកនាំគ.ជ.ប ដោយគ្មានមូលដ្ឋាន។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ Fresh News ឱ្យដឹងថា លោក រស់ សារ៉ុម ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រឿងប្តឹងថ្នាក់ដឹកនាំ គ.ជ.ប ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយមិនមានមូលដ្ឋានច្បាស់លាស់។ លោកចាត់ទុកថា ករណីនេះជាការបរិហារកេរ្តិ៍៕