(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់ចំពោះការរស់នៅ និងជីវភាព របស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។
នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងបែបនេះក្នុងពេលអញ្ជើញប្រកាសតែងតែងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ជួបសំណេះសំណាល និង ចែកអំណោយជូនអតីតយុទ្ធជនប្រមាណ ២០០នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជនទូទាំងខេត្តព្រះវិហារ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងនឹករលឹកជានិច្ចចំពោះអតីតយុទ្ធជនគ្រប់រូប។
លោកទេសរដ្ឋមន្ត្រី បានឆ្លៀតគូសរំលេចពីគុណសម្បត្តិរបស់អតីតយុទ្ធជនគ្រប់រូប ក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានសាងគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុ ពោលគឺសមិទ្ធផលដែលកម្ពុជាមានពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់ពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលបាននោះឡើយ។
ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគម អតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីតយុទ្ធជន។ ក្នុងសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូននូវគោលនយោបាយជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់ ជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។ ជាក់ស្តែងដើមឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានដំឡើងប្រាក់សោធននិវត្តន៍ជាបន្តបន្ទាប់ដល់អតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ដូច្នេះ «ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយ ជីវភាពរបស់អតីតយុទ្ធជន ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និង រៀបចំ ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់ ខណៈពាក់កណ្តាលឆ្នាំនេះ សមាគមអតីតយុទ្ធជនកម្ពុជា បានខិតខំបញ្ចប់គម្រោងសាងសង់ផ្ទះ ចំនួន ៤០០ខ្នងបន្ថែម ទៀតដល់អតីតយុទ្ធជនមុនដាច់ឆ្នាំ២០២២»។
នាយឧត្តមសេនីយ៍ គន់ គីម ក៏មិនភ្លេចអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ដែលរកបានមកដោយលំបាក ហើយអតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានដឹងច្បាស់នូវការលំបាកបណ្តាលមកពីភ្លើងសង្គ្រាម។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ ដោយសារកម្ពុជាមានសន្តិភាព។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយក ចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់។ ត្រូវបែងចែកភារកិច្ចគ្នា ចុះជួប សំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ៕