(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១២៖៣០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា (ម៉ោងនៅក្រុងញូវយ៉ក) ត្រូវនឹងវេលាម៉ោងប្រមាណ ១១យប់ (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ធ្វើឡើងក្រោម ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»។
ក្នុងសុន្ទរកថានាយប់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង។ ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។
បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូហោះទៅកាន់ប្រទេសគុយបា ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកទី២៕