(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសគាំទ្រ និងចូលរួមអបអរសាទរ ចំពោះការប្រកាសសាលដីការបស់តុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងសំណុំរឿង០០២/០២ ដែលសម្រេចតម្កល់ការកាត់ទោស ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិត។
គណៈមេធាវីកម្ពុជាបានបង្ហាញការមើលឃើញថា សាលដីកានេះបានដាក់ទោសចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងបានផ្ដល់យុត្តិធម៌សម្រាប់ប្រជាជនទាំងអស់ ដែលរងគ្រោះក្នុងរបបដ៏ខ្មៅងងឹតនេះ ថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវសារសំខាន់ នៃការរួមគ្នារក្សា និងការពារសន្តិភាពដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងសេចក្ដីសុខសាន្តរបស់ប្រជាជនកម្ពុជា។
សូមជម្រាបថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម។
នៅក្នុងសាលដីកានេះ សាលាក្តីខ្មែរក្រហម បា នសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន ដោយកាត់ទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់គណៈមេធាវីកម្ពុជា៖