(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដាក់បទបញ្ជាឱ្យអាជ្ញាធរ ចុះបង្រ្កាបបទល្មើសល្បែងស៉ីសងខុសច្បាប់នានា ដែលមានទីតាំងក្នុងខេត្ត ឱ្យដូចជាភ្លៀងរលឹម រាប់ទាំងមុខសញ្ញាល្បែងឆ្នោតឡូតូ និងកន្ទុយលេខផងដែរ ឆ្លើយតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបានដាក់បទបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែកញ្ញា នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ដើម្បីចាត់វិធានការបង្រ្កាបបទល្មើសល្បែងស៉ីសងខុសច្បាប់ ដែលមានក្នុងខេត្ត។
លោក ជាវ តាយ បានជំរុញដល់រដ្ឋបាលក្រុង ស្រុក រួមទាំងកម្លាំងប៉ុស្តិ៍នគរបាល កម្លាំងមេបញ្ជាការទាំងអស់ ត្រូវស្រង់បញ្ជីឈ្មោះម្ចាស់អាជីវកម្មតូបកាហ្វេ រោងគុយទាវ និងត្រូវធ្វើការណែនាំ កុំឱ្យមានការលួចលាក់លេងល្បែងស៉ីសងខុសច្បាប់ ការជល់មាន់តាមអនឡាញ និងអាប៉ោងអនឡាញ ឱ្យមានប្រសិទ្ធិភាពបំផុត ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទាក់ទងទៅនឹងគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ឱ្យខាងតែបាន ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
លោកអភិបាលខេត្តបានបន្តថា ជាមួយគ្នានោះដែរ ត្រូវដោះស្រាយបញ្ហាសំណូមពរ និងទុក្ខកង្វល់របស់ ប្រជាពលរឱ្យបានឆាប់រហ័ស និងត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តបង្ក្រាបល្បែងស៉ីសងនៅ មូលដ្ឋានរបស់ខ្លួន ដើម្បីរាយការណ៍ជាប្រចាំជូន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងដើម្បីរាយការណ៍ទៅក្រសួងមហាផ្ទៃ។
លោក ជាវ តាយ បានណែនាំដល់មេបញ្ជាការកងកម្លាំងទាំងបី និងអភិបាលក្រុង ស្រុកទាំងអស់ ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាព ត្រូវធ្វើជាគំរូ និងមានឥរិយាបថល្អដល់ប្រជាពលរដ្ឋ និងត្រូវចៀសវាង នូវការប្រព្រឹត្តអំពើមិនគប្បីណាមួយ ដែលនាំឱ្យប្រជាពលរដ្ឋ មើលបំណាំ និងត្រូវបង្កើនការយក ចិត្តទុកដាក់ថែមទៀត លើកទឹកចិត្តដល់កងកម្លាំងប្រជាការពារ ក្នុងការបំពេញកិច្ចការរក្សាសន្តិសុខក្នុងមូលដ្ឋាន ហើយនាំមកនូវ សេចក្តីសុខសុភមង្គលជូនប្រជាពលរដ្ឋ និងបញ្ចៀស កុំឱ្យមានករណីចោរឆក់ ចោរប្លន់ ឬហឹង្សាក្នុងសង្គម ដោយសារតែល្បែងស៉ីសង។
លោកអភិបាលខេត្តបានបន្ថែមថា «ល្បែងស៉ីសងវាមិនបានចំណេញ ដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាន នាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែង ត្រូវលក់គោលក់ក្របី ផ្ទះសម្បែង និងខាតពេលវេលារកស៉ី ធ្វើឱ្យបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគតកូនចៅ ដោយសារតែការចាញ់ល្បែងនេះ»៕