(សឹង្ហបុរី)៖ គណៈប្រតិភូនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងនាមជាស្ថាប័នសមាជិក ក្នុងកិច្ចប្រជុំសន្និបាតប្រធានគណៈមេធាវីអាស៉ីលើកទី៣២ ដែលប្រារព្ធធ្វើឡើងនៅអគារប្រវត្តិសាស្រ្តមួយនៅក្នុងប្រទេសសឹង្ហបុរី Maxwell Chambers ដោយមានការចូលរួមពី ប្រធានគណៈមេធាវីអាស៉ី មកពី១៦ប្រទេស ដូចជា សឹង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូនេស៉ី ហ្វីលីពីន កូរ៉េ ជប៉ុន ចិនហុងកុង ចិនម៉ាកាវ ចិនតៃវ៉ាន់ អូស្រ្តាលី ណូវែលស្សេឡង់ ហ្វីជី គណៈមេធាវីអន្តរជាតិ គណៈមេធាវីអន្តរប៉ាស៉ីហ្វិក និង LAWASIA។
គណៈប្រតិភូនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមកម្មវិធីនេះ រួមមាន៖
១៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី
២៖ លោកមេធាវី យ៉ុន ប៊ុនណា សមាជិកក្រុមប្រឹក្សា
៣៖ លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរង
៤៖ លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្រាប់រយៈពេល៣ថ្ងៃ ក្រោមពាក្យស្លោក «the Next Normal Law Firms» កិច្ចប្រជុំបានពិភាក្សាទៅលើប្រធានបទមួយចំនួន ដែលពាក់ព័ន្ធទៅនឹងផលប៉ះពាល់ បណ្តាលមកពី COVID-19 លើការប្រកបវិជ្ជាជីវៈមេធាវីដូចជា៖
១៖ បញ្ហាប្រឈមដោយការិយាល័យមេធាវីក្រោយជំងឺកូវីដ-១៩
២៖ អ្នកដឹកនាំជំនាន់ថ្មី (ភាពចម្រុះ និង បរិយាប័ន្ន)
៣៖ បញ្ហាដែលមេធាវីវ័យក្មេងកំពុងជួបប្រទះ
៤៖ ឧបករណ៍ជំនាន់ថ្មី - បច្ចេកវិទ្យា
៥៖ បញ្ហាដែលប្រឈមជំនាន់ថ្មី - សុខភាពផ្លូវចិត្ត។
ក្នុងអំឡុងពេលកិច្ចប្រជុំទាំង៣ថ្ងៃនេះ លោកប្រធានគណៈមេធាវី និង គណៈប្រតិភូបានជួបសំដែងការគួរសម និងផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ជាមួយបណ្តាប្រធានគណៈមេធាវីដទៃទៀត ដែលមានវត្តមានចូលរួមដោយផ្ទាល់។ ជាងនេះទៅទៀត លោកប្រធានគណៈមេធាវី និងគណៈប្រតិភូត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស ចូលរួមក្នុងកិច្ចទទួលស្វាគមន៍ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយលោក Adrian Tan ប្រធានគណៈមេធាវីសឹង្ហបុរី និងទទួលទានអាហារផ្លូវការថ្ងៃត្រង់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌របស់សឹង្ហបុរី ក្រោមវត្តមានលោក Edwin Tong រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ សហគមន៍ និងយុវជន និងជារដ្ឋមន្រ្តីទី២ នៃក្រសួងយុត្តិធម៌ប្រទេសសឹង្ហបុ និង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃគណៈមេធាវីសឹង្ហបុរី។
កិច្ចប្រជុំប្រធានគណៈមេធាវីអាស៉ីលើកទី៣២ ត្រូវបានបញ្ចប់ទៅប្រកបដោយជោគជ័យ និងផ្លែផ្កា ព្រមទាំងបរិយាកាសស្និតស្នាលប្រកបដោយភាតារភាពរវាងគណៈប្រតិភូទាំងអស់។ កិច្ចប្រជុំ ក៏បានធ្វើការសម្រេចផងដែរចំពោះអាណត្តិប្រធានបន្ទាប់នៃកិច្ចប្រជុំលើកទី៣៣ គឺគណៈមេធាវីប្រទេសម៉ាឡេស៉ី ដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេសម៉ាឡេស៉ី៕