(កំពង់ធំ)៖ យ៉ាងហោចណាស់ មានដីស្រែចំនួន៤៩៨ហិចតា នៅស្រុកស្ទោង កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីទឹកភ្លៀង។ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យស្រែស្រូវដែលកំពុងរងផលប៉ះពាល់របស់ប្រជាពលរដ្ឋ បានលិចលង់ដោយសារជំនន់ទឹកភ្លៀង នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ព្រឹម រដ្ឋា បានចុះផ្ទាល់ដល់ទីតាំងភូមិនិងស្រែជាក់ស្ដែង ក្នុងនោះសង្កេតឃើញថា ផលប៉ះពាល់រួមមានចំនួន០៦ភូមិស្មើនឹង៦១៥គ្រួសារ គឺភូមិថ្មីចំនួន៥៣គ្រួសារ ភូមិព្រៃខ្លាចំននួន១៧៤គ្រួសារ ភូមិកំពង់វាំងចំនួន១៣០គ្រួសារ ភូមិក្រែកចំនួន១១៥គ្រួសារ និងភូមិឈូកចំនួន១៤៣គ្រួសារ។ ជាមួយនេះផងដែរ ដីស្រែដែលកំពុងលិច និងរងផលប៉ះពាល់ជារួមមាន ចំនួន៤៩៨ហិចតា គឺ ភូមិថ្មីចំនួន៩៨ហិចតា ភូមិព្រៃខ្លា៨៧ហិចតា ភូមិក្រែក៨៦ហិចតា ភូមិកំពង់វាំង៣២ភូមិ១៥០ហិចតា និងភូមិប្រឡាយ ចំនូន៤៥ហិចតា ហើយក៏មានសាលារៀនចំនួន០៦ត្រូវបានលិច និងបិទទ្វារជាបណ្តោះអាសន្ន និងវត្តចំនួនបី បានលិចនៅលើបរិវេណវត្តផងដែរ។
លើសពីនេះលោក ព្រឹម រដ្ឋា បានឲ្យរដ្ឋបាលឃុំប្រឡាយ ត្រូវតាមដានស្ថានភាពទឹកភ្លៀងនិងទឹកជំនន់ជាក់ស្តែង ព្រមទាំងចុះពិនិត្យឲ្យបានជាក់ស្តែងថែមទៀត នូវមុខលូរទាំងអស់ដែលកំពុងកកស្ទះ និងត្រូវឆាប់បើកនិងកាយរំដោះទឹកជាបន្ទាន់ និងត្រូវចុះស្រង់ស្ថិតិចំនួនគ្រួសារ និងផ្ទៃដីស្រែព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងផលប៉ះពាល់ជាក់ស្តែងបន្ថែមទៀតជូនរដ្ឋបាលស្រុកស្ទោង និងរដ្ឋបាលខេត្តកំពង់ធំឲ្យបានឆាប់បំផុត៕