(ភ្នំពេញ)៖ ដោយមានការអញ្ជើញពីលេខាធិការដ្ឋាននៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងសុន្ទរកថាបើកក្នុងកិច្ចប្រជុំអនឡាញ និងប្រជុំដោយផ្ទាល់ ក្នុងឱកាសកិច្ចប្រជុំ «វេទិកាអ្នកដឹកនាំធុរកិច្ចចិន-អាស៊ាន និងកិច្ចសន្ទនាពិសេសស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម RCEP» ដែលរៀបចំឡើងដោយលេខាធិការដ្ឋាននៃ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន លើកទី១៩ (CABIS) នៅទីក្រុងណាននីង តំបន់ស្វយ័ត ក្វាងស៉ី ហ្សាង (Guangxi Zhuang) សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះថា លោកមានកិត្តិយសណាស់ ដែលបានចូលរួមក្នុងវេទិកានេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានសម្តែងនូវការអបអរសាទរចំពោះការបើកវេទិកានេះ និងបានស្វាគមន៍យ៉ាងស្មោះស្ម័គ្រចំពោះក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) រដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័ត ក្វាងស៉ី ហ្សាង (Guangxi Zhuang) ព្រមទាំងសភាពាណិជ្ជកម្មជាតិ និងឧស្សាហកម្មអាស៊ាន។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងទៀតថា ឆ្នាំ២០២២នេះ មានសារៈសំខាន់ជាពិសេសសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយចំពេលប្រារព្ធខួបលើកទី៥៥ នៃការបង្កើតអាស៊ាន និងជាឆ្នាំដំបូងនៃការកសាងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ ប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃពិភពលោក និងជំងឺរាតត្បាតកូវីដ-១៩ ដែលមានផលប៉ះពាល់ជាសកលក្នុងសតវត្សរ៍នេះ អាស៊ាននិងចិនបាននិងកំពុងប្រឹងប្រែងរួមគ្នា ដើម្បីជម្នះការលំបាក និងក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតទៅវិញទៅមក។ មានការវិវឌ្ឍយ៉ាងសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ចិន ដោយមានទំហំពាណិជ្ជកម្មទៅវិញទៅមកបានកើនឡើងដល់ ៦៦៩ប៊ីលានដុល្លារអាមេរិក និងការវិនិយោគផ្ទាល់មានចំនួន ១៣.៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២១។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងទៀតថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ត្រូវបានផ្តួចផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១២ ខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី២ ហើយបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំនេះ។ RCEP បានរួមចំណែកដល់ស្ថិរភាពនៃពាណិជ្ជកម្មពហុភាគី នៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក និងធ្វើឲ្យប្រសើរឡើងថែមទៀតនូវខ្សែសង្វាក់ឧស្សាហកម្ម នៃពាណិជ្ជកម្ម និងការវិនិយោគរវាងរដ្ឋជាសមាជិក RCEP ទាំងអស់។
ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ក៏បានចូលជាធរមានក្នុងថ្ងៃតែមួយដូច RCEP គឺថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលជាការកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងការវិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន ក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ។ ជាពិសេស ភាគីទាំងពីរសម្រេចបានមុនកាលកំណត់នូវគោលដៅលើសពី១០ ប៊ីលានដុល្លារអាមេរិកនៃពាណិជ្ជកម្មទៅវិញទៅមក ដែលបានកំណត់សម្រាប់ឆ្នាំ២០២៥ កើនឡើងដល់ ១៥ប៊ីលានដុល្លារអាមេរិក។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបន្ថែមថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ កម្ពុជានឹងប្រែក្លាយការអនុវត្ត RCEP ឱ្យទៅជាកាលានុវត្តភាពមួយ ដើម្បីលើកទឹកចិត្តសហគមន៍ធុរកិច្ចរបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងចំណោមរដ្ឋជាសមាជិក RCEP ដទៃទៀត។ ចំពោះគោលបំណងនេះ កម្ពុជាជឿជាក់ថា ការបង្កើតលេខាធិការដ្ឋាន RCEP នឹងជួយសម្រួលដល់បរិយាកាសបើកចំហកិច្ចសហប្រតិបត្តិការ តម្លាភាព ក៏ដូចជាការមិនរើសអើងសម្រាប់ពាណិជ្ជកម្មអន្តរជាតិ៕