(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការឃោសនារបស់រដ្ឋសភា បានឱ្យដឹងថា រដ្ឋសភាកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះដើម្បីឱ្យ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឆ្លើយបំភ្លឺអំពីការអនុវត្តច្បាប់ ជូនសភាពេញអង្គ។
ការអះអាងរបស់ លោក ឈាង វុន ប្រាប់ដល់អ្នកសារព័ត៌មាន បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភាដើម្បីកំណត់របៀបវារៈរឿងនេះ ទៅក្នុងកិច្ចប្រជុំពេញអង្គ។ ក្រៅពីនោះគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក៏បានពិភាក្សាលើរបៀបវារៈមួយចំនួនទៀត។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ តាមរយៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឱ្យ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺផ្ទាល់មាត់ នៅរដ្ឋសភា ជុំវិញបញ្ហាមួយចំនួន ក្នុងការអនុវត្តការងារ។ ការស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺនៅសភានេះ បានធ្វើឡើងស្របពេលដែល មានការកោះហៅតំណាងរាស្រ្ត និងការចាប់ខ្លួនសមាជិកគណបក្សប្រឆាំង។
តាមរយៈលិខិតដែលផ្ញើចេញពីរដ្ឋសភាទៅ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បញ្ហាដែលក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិចង់ឱ្យ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌បំភ្លឺនោះ រួមមាន ទី១. គោលការណ៍ច្បាប់ និងគោលនយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន។ គោលការណ៍ និង ការអនុវត្ត ជាក់ស្តែង អធិការកិច្ចការឃុំខ្លួន។ ទី២ ការប្តឹងបរិហារ និងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងទី៣.សំណួរផ្សេងៗមួយចំនួនទៀត៕