(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ វាយតម្លៃខ្ពស់ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានប្រកាសតម្កល់សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដោយផ្តន្ទាទោស ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហម ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសន្ធិសញ្ញាក្រុងហ្សឺណែវ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

តាមរយសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រទេសបារាំងសូមវាយតម្លៃខ្ពស់ចំពោះសេចក្តីសម្រេចនេះ។ ប្រទេសបារាំងគាំទ្រអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចាប់តាំងពីការបង្កើតតុលាការនេះនៅឆ្នាំ២០០៦។ ការងាររបស់ អ.វ.ត.ក បានរួមចំណែកក្នុងការពង្រឹងសន្តិភាព និងនីតិរដ្ឋនៅកម្ពុជា ដែលជាការបន្តនូវដំណើរការដែលត្រួសត្រាយផ្លូវដោយកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១។

សេចក្តីសម្រេចធ្វើឡើងកាលពីម្សិលមិញ ដែលជាការបិទបញ្ចប់នូវដំណើរការកាត់ក្តីនៅតុលាការខ្មែរក្រហម គឺជាដំណាក់កាលដ៏សំខាន់មួយ។ តាមរយៈការថែរក្សា និងលើកស្ទួយតម្លៃនៃបណ្ណសាររបស់តុលាការ អាជ្ញាធរកម្ពុជានឹងអាចជួយបញ្រ្ជាបការចងចាំពីអំពើប្រល័យពូជសាសន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។

តាមរយៈសេចក្តីថ្លែងការណ៍ដដែលអ្នកនាំពាក្យក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង បានអះអាងថា ប្រទេសបារាំង ត្រៀមខ្លួនជាស្រេចដើម្បីជួយគាំទ្រដល់គោលដៅទាំងនេះ ហើយសូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួនចំពោះការលើកស្ទួយយុត្តិធម៌ និងការផ្សះផ្សារ។

សូមជម្រាបថា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម ដោយបានសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួនដោយកាត់ទោសលោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង៕