(ភ្នំពេញ)៖ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ តែងតែប្រារព្ធឡើងនៅថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របទជារៀងរាល់ឆ្នាំ ហើយក៏ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ បានចាប់ផ្ដើមនៅថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនិងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ។ រយៈពេលជាច្រើនថ្ងៃនៃពិធីកាន់បិណ្ឌ យើងសង្កេតឃើញថានៅតាមវត្តអារាមនានាទាំងនៅទីក្រុងរហូតដល់ជនបទ មានសភាពអ៊ូរអរជាងថ្ងៃធម្មតាដោយពុទ្ធបរិស័ទយើងទាំងក្មេងចាស់ ប្រុស ស្រីបាននាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ក្នុងន័យឧទ្ទិសមគ្គផលដល់ញាតិគ្រប់សណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការវត្តនន្ទមុនីធ្លាប់មានពុទ្ធដីកាថា៖ ការប្រារព្ធពិធីភ្ជុំបិណ្ឌមានសារៈសំខាន់ណាស់ ព្រោះបានបង្ហាញពីការដឹងគុណដល់អ្នកមានគុណ និងបុព្វបុរសខ្មែរដែលបានចែកឋានទៅកាន់លោកខាងមុខ។ ហើយមួយផ្នែកទៀតជាការបញ្ចូលការអប់រំ ទូន្មានប្រៀនប្រដៅដល់ជនប្រុសស្រីគ្រប់វ័យបានត្រង់ត្រាប់ស្ដាប់ នូវអំពើអ្វីដែលប្រាសចាកអកុសលកម្ម ទាំងឡាយដែលបានប្រព្រឹត្តក្នុងការរស់នៅប្រចាំថ្ងៃ។

សំឡេង៖ «បើនិយាយពីពុទ្ធសាសនាគេនឹកដល់ការអប់រំតែម្ដង។ ចឹងពុទ្ធសាសនាជាសាសនាមួយមានតួនាទីសំខាន់ណាស់ ក្នុងការអប់រំកាយ វាចា ចិត្ត របស់មនុស្សយើងឱ្យសាងប្រព្រឹត្តនូវអ្វីដែលល្អ សម្រាប់ខ្លួនឯងក៏ដូចជាសម្រាប់សង្គម។ ចឹងពិធីភ្ជុំបិណ្ឌធ្វើឡើងដើម្បីការអប់រំឬផ្សាយការអប់រំ ដល់ស្រទាប់មហាជនទាំងក្មេងទាំងចាស់ប្រុសស្រីទាំងអស់»

ព្រះតេជគុណមានពុទ្ធដីកាបន្តទៀតថា៖ ការបញ្ជ្រាបការអប់រំដែលសំខាន់បំផុតក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺការយល់ដឹងពីហេតុនាំឱ្យវិនាសទាំង១២ប្រការដែលពេលព្រលឹមឡើង ព្រះសង្ឃគ្រប់វត្ត អារាមទាំងអស់បានសូត្រជាប្រចាំ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យ។

សំឡេងទី២៖ «ការអប់រំដើរតួនាទីយ៉ាងសំខាន់ កាលណាដល់រដូវកាន់បិណ្ឌភ្ជុំបិណ្ឌ ជិតភ្លឺឡើងគ្រប់វត្តទាំងអស់ព្រះសង្ឃតែងតែសូត្របរាភវសូត្រ ដែលបង្ហាញពីក្ដីនាំវិនាសចំនួន១២កងចឹងប្អូនៗ ញាតិមិត្តពុទ្ធបរិស័ទគាត់អញ្ជើញទៅវត្ត បានបំពេញបុណ្យកុសលហើយ បានស្ដាប់នូវព្រះធម៌អប់រំ។ កាលណាយើងបានស្ដាប់បានយល់ហើយ បានស្គាល់ផ្លូវនៃសេចក្ដីវិនាស ចឹងយើងអត់ដើរលើផ្លូវ នៃ សេចក្ដីវិនាសទេ យើងគេចពីផ្លូវនៃសេចក្ដីវិនាស ហើយងាកមកប្រព្រឹត្តអំពើទាំងឡាយណាដែលនាំ មកសេចក្ដីចម្រើន»

លោកសាស្ត្រាចារ្យប្រាក់ សម្ផស្ស ជាសាស្ត្រាចារ្យពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ្យ បានមានប្រសាសន៍ថា៖ ក្នុងនាមជាពុទ្ធបរិស័ទដែលបានគោរពប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណ កាលរហូតមកដល់បច្ចុប្បន្ន ដល់ពេលបុណ្យភ្ជុំបិណ្ឌ ពុទ្ធសាសនិកជនត្រូវធ្វើរឿង២ ដែលជារឿងសំខាន់៖

សំឡេង៖ «ទី១ត្រូវជម្រះកាយវាចាចិត្តឱ្យល្អ នៅក្នុងពេល នឹងគ្រាដែលយើងបំពេញកុសល ការដាក់បិណ្ឌនិងភ្ជុំបិណ្ឌ។ទី២ គឺយើងបង្ហាញនូវការសណ្ដោសប្រោសប្រណីចំពោះអ្នកដែលទីទាល់ក្រ អ្នកដែលគ្នានទីពឹង ឬក៏អ្នកដែលត្រូវការពឹងពាក់អាស្រ័យ។ បើពីសម័យមុន បុរាណយើងគាត់អនុគ្រោះដល់សត្វទៀត នៅក្នុងចំណោម១៥ថ្ងៃនឹង សត្វល្មមៗគេមិនប្រើប្រាស់ទេ ដល់ថ្ងៃឆ្លងភ្ជុំ គេដុសលាងជម្រះក្អែល ដូចជាគោ ក្របី ដើម្បីបង្ហាញនូវការតបគុណ ចំពោះសត្វទាំងនោះ ដែលបានជួយ ទ្រទ្រង់ វិស័យកសិកម្ម។ ទាំងអស់នេះសុទ្ធតែជាបុណ្យកុសលដែលយើងត្រូវបំពេញ»

ភ្ជុំបិណ្ឌគឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់បំផុតមួយ នៅក្នុងប្រទេសកម្ពុជា ព្រោះពិធីនេះ បាននាំគ្រួសារនៅទូទាំងរាជធានីខេត្ត មកជួបជុំគ្នា បន្ទាប់ពីបែកគ្នាជាយូរមកហើយ។ ទី១ ជាបុណ្យ ក្នុងការទំនុកបម្រុងព្រះសង្ឃនៅក្នុងរដូវវស្សា។ ទី២ ជាបុណ្យដើម្បីរំឮកគុណ និងឧទ្ទិសកុសលដល់ញាតិកាគ្រប់សណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ទី៣ការគោរពដល់ឪពុកម្ដាយ ដែលជាព្រះរស់ និង អប់រំមនុស្សវ័យក្មេងស្រករក្រោយឲ្យដឹងអំពីរបៀបដែលពួកគេគួរផ្ដល់ការគោរពចំពោះសាច់ញាតិចាស់ទុំ ឬឪពុកម្ដាយ។

ដែលជាទូទៅគឺជួយទំនុកបម្រុងលោកអ្នកមានគុណ និងការជូនគ្រឿងឧបភោគបរិភោគ ឬលុយកាក់ ឲ្យព្រះរស់បានទៅវត្តរក្សាទានសីលនៅតាមទីវត្តអារាម។ ទី៤ ជាការសន្សំកុសលផលបុណរៀងៗខ្លួនសម្រាប់បច្ចុប្បន្នកាល និងអនាគតកាល។ ទី៥ បង្កើនសាមគ្គីភាព ព្រោះពិធីកាន់បិណ្ឌត្រូវបានកំណត់ពេលចាប់ផ្ដើម និងបញ្ចប់ ដូចៗគ្នាក្នុងទូទាំងប្រទេស ដោយបង្ហាញពីការ ស្រុះស្រួលគ្នា ។ ទី៦ជាការរក្សាប្រណៃទំនៀមទម្លាប់ខ្មែរ ដូចជាការស្លៀកសម្លៀកបំពាក់ប្រពៃណី របស់នារីខ្មែរយើង៕

(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)