(ភ្នំពេញ)៖ កម្ពុជា បានប្រាប់អាហ្សង់ទីន អំពីការខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ចំនួនប្រាំចំណុចរបស់អាស៊ាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការប្រាប់ទៅអាហ្សង់ទីន ធ្វើឡើងតាមរយៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Santiago Cafiero រដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងធម្មការ នៃសាធារណរដ្ឋអាហ្សង់ទីន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីសង្រ្គាមនៅអ៊ុយក្រែន និងផលប៉ះពាល់ពីសង្រ្គាមនេះទៅលើសន្តិសុខស្បៀង និងថាមពលរបស់ពិភពលោក និងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសមភាគីអាហ្សង់ទីនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ហើយនិងបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះ»។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងអាហ្សង់ទីន រួមទាំងការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់របស់វាផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍ដ៏ខ្លាំងរបស់អាហ្សង់ទីន ដែលបានលើកឡើងដោយ លោក Santiago Cafiero ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងតំបន់អាស៊ាន នៅក្នុងវិស័យដែលមានសក្តានុពលជាច្រើន រួមមានវិស័យសុខាភិបាល សន្តិសុខស្បៀង កសិកម្មនិងនេសាទ ថាមពលនិងការទាញយករ៉ែ ការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឯកភាពធ្វើការជាមួយគ្នា ដើម្បីស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហគមន៍នៃបណ្ដារដ្ឋនៅអាមេរិកឡាទីន និងការ៉ាប៊ីន (CELAC) នៅក្នុងវិស័យទាំងនេះផងដែរ។
ដោយយល់ស្របគ្នាលើតម្រូវការក្នុងការបង្កើតយន្តការមួយ ដើម្បីចាប់ផ្តើមធ្វើឱ្យសម្រេចបាននូវបំណង ប្រាថ្នារួមសម្រាប់ទំនាក់ទំនងមិត្តភាពកាន់តែរឹងមាំ ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយលើគ្រប់វិស័យ ដែលអាចធ្វើទៅបានរវាងកម្ពុជានិងអាហ្សង់ទីន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Santiago Cafiero បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ៕