(ភ្នំពេញ)៖ បេឡាជាតិរបបសន្ដិសុខសង្គម សហការជាមួយនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីសម្របសម្រួលបន្ដការត្រួតពិនិត្យ ដោះស្រាយ និងផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សម្រាប់កម្មករនិយោជិត និងសមាជិក ប.ប.ស ដែលគ្មានអត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅមូលដ្ឋានខេត្តស្វាយរៀង មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
លោកឧត្តមសេនីយ៍ទោ សុខ ប្រាង អនុប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះថា ដោយមានកិច្ចសហការជាមួយ បេឡាជាតិរបបសន្ដិសុខសង្គម លោកបានដឹកនាំក្រុមការងារ នៃនាយកដ្ឋានជំនាញ ចុះសម្របសម្រួល ដោះស្រាយ និងផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនកម្មករនិយោជិត ដែលមកពីបណ្ដាខេត្តផ្សេងៗ មកធ្វើការនៅក្នុងរោងចក្រនៃខេត្តស្វាយរៀង។
បើតាមលោកឧត្តមសេនីយ៍ទោ សុខ ប្រាង ជាការកំណត់ដោយច្បាប់ សម្រាប់អ្នកដែលត្រូវធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺតម្រូវឲ្យពួកគាត់មានឯកសារពាក់ព័ន្ធ ហើយត្រូវទៅធ្វើនៅស្រុកកំណើតរបស់គាត់ ប៉ុន្ដែដើម្បីសម្រួលដល់ការងារនេះ នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចុះមកដល់ទីតាំងរបស់រោងចក្រដែលពួកគាត់កំពុងបម្រើការតែម្ដង ដើម្បីសម្រួលដល់ការលំបាកផ្សេងៗ។
អនុប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលដឹកនាំក្រុមអន្ដរាគមន៍ចុះធ្វើកិច្ចការងារនេះដោយផ្ទាល់ បានអះអាងថា ក្នុងរយៈពេលមួយថ្ងៃម្សិលមិញ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារបានធ្វើអត្តសញ្ញាណបណ្ណជូនកម្មករនិយោជិតសមាជិក ប.ស.ស បានជាង១០០នាក់ ហើយនឹងបន្ដនៅថ្ងៃទី២៣ ខែកញ្ញានេះមួយថ្ងៃទៀត។
សូមជម្រាបថា ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះ មិនតម្រូវឲ្យប្រជាពលរដ្ឋបង់ថ្លៃសេវានោះឡើយ៕