(បាលី, ឥណ្ឌូនេស៊ី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិ (Executive Secretary) របស់អង្គការ UNESCAP ប្រចាំទីក្រុងបាងកក បានជួបជជែកលើការងារមួយចំនួន ជំរុញការធ្វើពាណិជ្ជកម្ម។
ជំនួបបានធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កំលុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមប្រទេស G20 កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសំដែងការស្វាគមន៍ និងអរគុណចំពោះ លោកស្រីអគ្គលេខាធិការរង ដែលបានស្នើឡើងនូវជំនួបពិភាក្សាការងារនេះ និងបានលើកឡើងអំពីតួនាទីដ៏សំខាន់របស់អង្គការ UNESCAP នៅក្នុងសកម្មភាពជំរុញ និងសម្រួលពាណិជ្ជកម្ម ជាពិសេសលើការជំរុញក្របខ័ណ្ឌពាណិជ្ជកម្មអេឡិចត្រូនិក។
លោករដ្ឋមន្ត្រី បន្តថា កម្ពុជាបានចូលរួមក្នុងសកម្មភាពជាច្រើនរបស់អង្គការ UNESCAP ដែលមានដូចជា ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ការត្រួតពិនិត្យបទប្បញ្ញាតិពាណិជ្ជកម្មឌីជីថល និងសកម្មភាពផ្សេងៗទៀត ដែលជួយជំរុញការអភិវឌ្ឍរបស់កម្ពុជា។
លោកស្រីអគ្គលេខាធិការរង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី ក្នុងការផ្ដល់ឱកាសជួបពិភាក្សាចែករំលែកនូវទស្សនាទានល្អៗ ចំពោះវឌ្ឍនភាពការអនុវត្តរបៀបវារៈ ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។ ជាពិសេសទៅលើបញ្ហាពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដូចជា កិច្ចសម្រួលពាណិជ្ជកម្ម និងសកម្មភាពសហប្រតិបត្តិការ ក៏ដូចជាសមាហរណកម្មតំបន់។
លោកស្រីអគ្គលេខាធិការរងអង្គកាសហប្រជាជាតិ បានកោតសរសើរដល់កម្ពុជាចំពោះការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានាជាមួយអង្គការ UNESCAP នាពេលកន្លងមក។
គីទាំងពីរ ក៏បានសង្កត់ធ្ងន់អំពីការងារមួយចំនួន ដែលត្រូវធ្វើដើម្បីសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ជាពិសេសការវាយតម្លៃឡើងវិញលើគ្រប់បណ្ដាផ្នែកពាក់ព័ន្ធ រួមមាន៖ ពេលវេលាកំណត់ (timeframe) ទិសដៅយុទ្ធសាស្រ្ត (strategic directions) ផែនការសកម្មភាព (action plans) និងធនធាន (resources) ដែលមានសម្រាប់ការអភិវឌ្ឍរបៀបវារៈទាំងនោះក្រោយវិបត្តិកូវីដ-១៩។
ភាគីទាំងទាំងពីរបានរំលឹកឡើងវិញនូវតួនាទីដ៏សំខាន់របស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ និងការរក្សាបាននូវលំហូរខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ក្នុងការស្ដារឡើងវិញនូវសេដ្ឋកិច្ចសកល ជាពិសេសវិស័យសេវាកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកស្រីអគ្គលេខាធិការរង ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការអញ្ជើញកម្ពុជា ចូលួមក្នុងគម្រោងពាក់ព័ន្ធផ្សេងៗ នាពេលអនាគត ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត៕