(ភ្នំពេញ)៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា
ឆ្នាំ២០២២នេះ បានរៀបចំនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលដល់បុព្វការីជន និងបានធ្វើបុណ្យរាប់បាត្រ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខែ្មរ ដូនប្រជាពលរដ្ឋ នៅតាមភូមិស្រុក ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យជនរងគ្រោះ ជនងាយរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលឱកាសខ្ញុំ និងមណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺ។
លោកស្រី បានបន្តថា ដោយមានការយកចិត្តទុកដាក់គិតគូរលើគ្រប់វិស័យពីរាជរដ្ឋាភិបាល ក្នុងនោះវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រទាំងក្របខណ្ឌបច្ចេកទេស និងសម្ភារផ្សេងៗ ដល់មណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺ និងមណ្ឌលឱកាសខ្ញុំនេះ ធ្វើឱ្យមណ្ឌលមានលទ្ធភាព ក្នុងការមើលថែទាំជនរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសព្វថ្ងៃនេះ។ ជាក់ស្តែងថ្ងៃនេះ លោកស្រីបាននិមន្តព្រះសង្ឃ រៀបចំពិធីបង្កលក្ខណៈអោយជនរងគ្រោះ ជនងាយរងគ្រោះ មានឱកាសធ្វើបុណ្យនៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ស្ត្រីៗដែលស្លៀកពាក់ស ស្អាតបាត ដែលកំពុងរាប់បាត្រនេះ គឺជាជនរងគ្រោះ ជនអនាថា តាមដងផ្លូវដែលក្រុមការងារមន្ទីរសង្គមកិច្ច យកមកមើលថែទាំ នៅក្នុងមណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺភ្នំពេញ ដែលមាននាទីសំខាន់ក្នុងការសង្គ្រោះដល់ជនរងគ្រោះ ជនងាយរងគ្រោះ ទុគតជន ជនអនាថា ជនវិបល្លាស្មារតី ជនពិការ ជនគ្មានទីពឹង ជនរងគ្រោះដោយសារធាតុញៀនវិបល្លាស ស្ត្រីរកស៊ីផ្លូវភេទ ស្ត្រីរងគ្រោះដោតអំពើជួញដូរផ្លូវភេទ ដែលបញ្ជូនមកពីបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
លោក ស្រី មុំ ចាន់ដានី បានឱ្យដឹងថា បច្ចុប្បន្ន មន្ទីរសង្គមកិច្ច តែងតែយកចិត្តទុកដាក់ គិតគូរដល់ជនងាយរងគ្រោះ ជនមានស្មារតីវិបល្លាស ស្ត្រីរងគ្រោះជាប្រចាំ។ ព្រោះថាស្ថាប័នមួយនេះ ត្រូវតែគិតគូរយកចិត្តទុកដាក់ជាប់ជាប្រចាំដោយអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល នៅពេលដែលពួកគាត់មានទុក្ខកង្វល់មានជំងឺ ឬខ្វះស្បៀង និងជួបបញ្ហាដោយប្រការណាមួយមន្ទីរ ក៏ដូចអាជ្ញាធរមូលដ្ឋានតែងតែចុះជួយពួកគាត់ជារៀងរហូត ដែលទាំងអស់នេះបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ៕