(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាប និងជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៤នាក់នេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី នៅចំណុចសណ្ឋាគារហ្វែរីលែន ផ្លូវលេខ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះង្វៀង ដុងហាយ ភេទប្រុស ឆ្នាំកំណើត១៩៨៤ ជនជាតិវៀតណាម។
អ្នកនាំពាក្យរូបនេះ បានថ្លែងថា ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់៖
ទី១៖ ជនសង្ស័យឈ្មោះ TRAN TINHUY ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិវៀតណាម
ទី២៖ ឈ្មោះ NGUYEN VAN VO ភេទប្រុស ឆ្នាំកំណើត១៩៨០ ជនជាតិវៀតណាម
ទី៣៖ ឈ្មោះ LUONG VON THET ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិវៀតណាម
និងទី៤៖ ឈ្មោះ VO HONG QUAN ភេទប្រុស ឆ្នាំកំណើត១៩៨៧ ជនជាតិវៀតណាម (មេខ្លោង)
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕