(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសទៅកាន់អភិបាលខណ្ឌទាំង១២ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទមានសង្កាត់ និងភូមិត្រូវបញ្ឈប់ការដើរយកលុយពីប្រជាពលរដ្ឋ ក្នុងការដាក់ប្រព័ន្ធលូ និងតភ្លើងបំភ្លឺផ្លូវសាធារណ:តទៅទៀត ដែលកន្លងមកករណីនេះ បានកើតឡើងជាយូរមកហើយ។
លោក ប៉ា សុជាតិវង្ស លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១២ និងមន្ទីរជំនាញ ស្តីពីបញ្ហាប្រព័ន្ឋលូ អណ្តូង និងគម្របលូ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅសាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «សូមធ្វើការហាមដាច់ខាត មិនឲ្យអាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់ មេភូមិ មិនត្រូវយកលុយពីប្រជាជនតទៅទៀតទេ ក្នុងការរៃអង្គាសប្រាក់ពីពួកគាត់ រឿងតប្រព័ន្ឋលូ រឿងតភ្លើងបំភ្លឺសាធារណៈ»។
សូមបញ្ជាក់ថា ជាទូទៅអាជ្ញាធរមូលដ្ឋាន បានដើររៃអង្គាសប្រាក់ពីប្រជាជន សម្រាប់ចូលរួមធ្វើប្រព័ន្ធលូ និងតភ្លើងបំភ្លឺផ្លូវ ដោយប្រជាជន៥០ភាគរយ និងរដ្ឋ៥០ភាគរយ៕