(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកស្រី រួមទាំងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ និងបច័្ចយមួយចំនួនទៅប្រគេនដល់ព្រះសង្ឃចំនួន២៣វត្តក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងរយៈពេល១សប្តាហ៍ ពីថ្ងៃទី១៨-២២ ខែកញ្ញា ឆ្នាំ២០២២នេះ។
លោក ឃឹង នុភាព បានលើកឡើងថា ការនាំយកគ្រឿងឧបភោគបរិភោគនិងបច័្ចយមួយចំនួនទៅប្រគេនដល់ព្រះសង្ឃ គឺដើម្បីធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈក្នុងបុព្វហេតុជាតិមាតុភូមិដែលបានចែកឋានទៅកាន់លោកខាងមុខនោះ និងចង់បញ្ជាក់នូវការសាមគ្គីភាពជាមួយក្រុមការងារស្រុកចុះមូលដ្ឋានឲ្យស្គាល់ពីសុខទុក្ខប្រជាពលរដ្ឋ ព្រោះជាអ្នកបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបង្ហាញជាគំរូឱ្យយុវជនជំនាន់ក្រោយបានឃើញអំពីសកម្មភាពមនុស្សធម៌ និងចង់ថែរក្សាវប្បធម៌ប្រពៃណីការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក៏ដូចជាការចូលរួមជាមួយនឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
លោកបានផ្តាំផ្ញើដល់អាជ្ញាមូលដ្ឋានត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសពលរដ្ឋណាដែលមិនទាន់ចាក់វ៉ាក់សាំងណែនាំសូមទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីការពារមិនឲ្យស្លាប់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ឃឹង នុភាព និងលោកស្រី រួមទាំងក្រុមការងារបានប្រគេនអង្ករ មី ទឹកស៊ីអ៉ី ទឹកត្រី ទឹកបរិសុទ្ធ ទឹកក្រូច និងសម្ភារជាច្រើនទៀត ព្រមទាំងបច្ច័យមួយចំនួនផងដែរ៕