(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី សែក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដេស បានបង្ហាញបំណងដូចគ្នាចង់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងបង់ក្លាដេស ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បំណងនេះត្រូវបានស្តែងឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោកស្រី សែក ហាស៊ីណា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងទៀបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា។

បើតាមលោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនាយករដ្ឋមន្ត្រីកម្ពុជា និងបង់ក្លាដេស បានពិភាក្សាការងារមួយចំនួនពាក់ព័ន្ធការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងនោះក៏មានការជជែកដល់ការនាំអង្ករពីកម្ពុជា ទៅកាន់ប្រទេសបង់ក្លាដេសផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងទៅបង់ក្លាដេសបានចរចាទិញអង្ករប្រមាណជា ២០ម៉ឺនតោន ពីប្រទេសកម្ពុជា។ ប៉ុន្តែសម្ដេចចង់ឱ្យមានការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់បង់ក្លាដេស ឱ្យមានស្ថេរភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញក្រុមហ៊ុនរបស់បង់ក្លាដេស មកកាន់កម្ពុជា ដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្ករ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដេស។

លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស បានជម្រាបសម្តេចតេជោថា លោកស្រី បានស្នើឱ្យវិស័យឯកជនទៅវិនិយោគនៅប្រទេសកម្ពុជា លើវិស័យកសិកម្ម។ ជាពិសេស ការនាំអង្ករចេញពីកម្ពុជា។

លោកស្រីបានជម្រាបសម្តេចតេជោទៀតថា បង់ក្លាដេស មានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។ តាមរយៈនេះ លោកស្រី បានលើកជាគំនិតចង់ឱ្យមានកិច្ចព្រមព្រៀងណាមួយជាមួយគ្នា ដើម្បីពង្រីក និងពង្រឹងការ ធ្វើធុរកិច្ចរវាងកម្ពុជា និងបង់ក្លាដេសឱ្យកាន់តែច្រើន។

លោកស្រី ក៏បានបង្ហាញបំណងចង់ជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើនឱកាសវិនិយោគបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះបំណងរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស។ សម្តេចតេជោ បានលើកឡើងថា កិច្ចព្រមព្រៀងជាការងារ ដែលប្រទេសទាំងពីរអាចចាប់ផ្ដើមការចរចា ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈកម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េខាងត្បូងផងដែរ។

សម្តេចតេជោ បានបង្ហាញជំនឿចិត្តថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជា និងបង់ក្លាដេស អាចបង្កើនទំហំពាណិជ្ជកម្ម ដែលជាឱកាសសម្រាប់បង់ក្លាដេស ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ។

នៅក្នុងជំនួបខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកស្រីនាយករដ្ឋមន្ត្រី បង់ក្លាដេស ដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស ចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លង។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបង់ក្លាដេស ដែលបានផ្ដលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន ១លានដូសកន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកស្រីនាយករដ្ឋមន្ត្រី ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវមួយខ្សែ ដោយដាក់ព្រះនាមព្រះករុណា សម្ដេចឪ នរោត្តម សីហនុ នៅប្រទេសបង់ក្លាដេស ហើយព្រះកម្ពុជា ដាក់ឈ្មោះផ្លូវការផ្ដល់កិត្តិយសដល់ឪពុករបស់លោកស្រី ដែលចាត់ទុកជាបិតាស្ថាបនិករបស់ប្រទេសបង់ក្លាដែស ជាប្រធានាធិបតីទី១ និងក្រោយមកក្លាយជានាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ហ៊ុន សែ ន ក៏បានអបអរសាទរបង់ក្លាដេស ដែលបានសាងសង់ស្ពានមួយយ៉ាងវែងក្រោមការដឹកនាំរបស់លោកស្រីផ្ទាល់។ ស្ពាននោះមានឈ្មោះថា «ស្ពាន ផាត់ម៉ា» មានប្រវែងជាង ៦គីឡូម៉ែត្រ អាចប្រើបានទាំងរថយន្ត និងរថភ្លើង ហើយប្រើថវិការបស់ប្រទេសបង់ក្លាដេសសុទ្ធសាធ៕