(ភ្នំពេញ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) នឹងពិចារណាក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅចុងឆ្នាំ២០២២នេះ។
ការពិចារណាក្នុងការធ្វើដំណើរមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងារនៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងជំនួបនេះសម្ដេចតេជោ បានអញ្ជើញលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ សម្តេចតេជោបានបញ្ជាក់ថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន។
លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានជម្រាបសម្តេចតេជោថា លោក នឹងពិចារណាក្នុងការចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខ ពីព្រោះកន្លងទៅ លោកក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ តែក្នុងនាមជាអ្នកទេសចរណ៍។ លោក ពិតជាចង់ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី ជាពិសេស ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន៕