(ភ្នំពេញ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានបង្ហាញក្តីរីករាយជាខ្លាំងចំពោះសកម្មភាពរបស់កម្ពុជា ក្នុងការចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញនូវអារម្មណ៍រីករាយនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
បើតាមលោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបសម្តេចតេជោ បានជម្រាបលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងសកម្មភាពរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រទេសធ្លាប់រងគ្រោះដោយភ្លើងសង្គ្រាម ហើយទទួលការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិក្នុងការស្វះស្វែងរកសុខសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា សម្តេចពិតជារីករាយជាខ្លាំងក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាព ហើយនៅតែប្តេជ្ញាចិត្តខ្ពស់នៅក្នុងសកម្មភាពជាឧត្តមប្រយោជន៍របស់មនុស្សជាតិលើពិភពលោកមួយនេះ។
លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពនេះ ហើយលោកពិតជារីករាយចំពោះសកម្មភាពរបស់កម្ពុជានាពេលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំកម្ពុជា ដែលបានសម្រេចចិត្តក្នុងការបញ្ជូនកងកម្លាំងរបស់កម្ពុជា ចូលរួមសកម្មភាពរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិនៅឆ្នាំ២០០៦។ សម្តេចតេជោ ធ្លាប់បានគូសបញ្ជាក់ថា ការសម្រេចចិត្តនាពេលនោះ គឺជាការសម្រេចចិត្តដ៏លំបាកបំផុត ព្រោះត្រូវប្រឈមនឹងការទទួលខុសត្រូវជាច្រើន បើការសម្រេចចិត្តនោះនាំដល់គ្រោះថ្នាក់សម្រាប់កងកម្លាំង។
ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជាបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៨,៣០២នាក់ ( ស្ត្រី៥៨០នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន០៩ រួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ បច្ចុប្បន្ននេះ កងកម្លាំងកម្ពុជាសរុបចំនួន ៨០១នាក់ (ស្ត្រី១១៨នាក់) កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល និងយេម៉ែន។
សូមបញ្ជាក់ថា នៅក្នុងជំនួបខាងលើនេះ សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានជជែកពិភាក្សាលើការងារផ្សេងៗមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានរំលឹកពីការជួបសម្តេចតេជោ លើកចុងក្រោយនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីប៉ុន្មានឆ្នាំមុន ហើយលោកក៏បានបង្ហាញអារម្មណ៍រីករាយ នឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកបានបញ្ជាក់ទៀតថា កន្លងមកអង្គការសហប្រជាជាតិ បានគាំទ្រទាំងស្រុងជាមួយក្រុមការងារ អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅកម្ពុជា ជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ។
លោក លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ក៏បានគូសរំលេចពីកិច្ចប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបានបង្កើនសាមគ្គីភាពយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសទាំងឡាយ ដើម្បីដោះស្រាយវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩នេះ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានគូសបញ្ជាក់អំពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន និងអតិផរណាបណ្ដាលមកពីសង្គ្រាមនោះ ដែលបង្កើតការលំបាកជាច្រើនសម្រាប់ប្រជាជននៅទូទាំងពិភពលោក។ លោកបានបន្តថា អង្គការសហប្រជាជាតិ ឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍និយាយជារួម និងនិយាយដោយឡែកចំពោះប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លៀតឱកាសទទួលជួបសម្ដេចនាពេលនេះ។ សម្ដេចតេជោ ក៏បានអរគុណចំពោះអ្វីដែល លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើង ជាពិសេសចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីជំនួយវ៉ាក់សាំងកូវីដ១៩ របស់អង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌកូវ៉ាក់ ដែលជួយដល់ប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានប្រមាណជា ៩៥% ហើយ នៃចំនួនប្រជាជនសរុប ហើយមួយចំនួននៃប្រជាជនក៏បានទទួលវ៉ាក់សាំងដូសជំរុញទី៥រួចហើយ។
ក្នុងជំនួបនេះសម្ដេចតេជោ បានអញ្ជើញលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ។
សម្តេចតេជោបានបញ្ជាក់ថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន។
លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានជម្រាបសម្តេចតេជោថា លោក នឹងពិចារណានៃការចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខ ពីព្រោះកន្លងទៅ លោកក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ តែក្នុងនាមជាអ្នកទេសចរណ៍។ លោកពិតជាចង់ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី ជាពិសេស ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន៕