(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើសារចូលរួមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឯកឧត្តម ជៀប ស៉ីវន តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូន លោកជំទាវ ឡាញ់ ដារ៉ា និងក្រុមគ្រួសារ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានគូសរំលេចថា «លោកជំទាវ ជាទីរាប់អាន! ខ្ញុំមានសេចក្តីរន្ធត់ឥតឧបមា និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ជៀប ស៉ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ដែលត្រូវជាស្វាមីរបស់ លោកជំទាវ នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១៖២០នាទីយប់ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ»។

មរណភាពរបស់ ឯកឧត្តម ជៀប ស៉ីវន គឺជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ប្រកបដោយមនសិកាក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិក្នុងការលើកកម្ពស់តម្លៃនីតិរដ្ឋ ប្រកបដោយឧត្តមគតិ។

មរណភាពរបស់ ឯកឧត្តម ជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ពោរពេញដោយសង្គហធម៌ដ៏ល្អ ជាទីស្រលាញ់បំផុត ដែលបានចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ និង សោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ លោកជំទាវ និង បុត្រា បុត្រី ព្រមទាំងគ្រួសារនៃសព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យសូមឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៉ីវន បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕