(ភ្នំពេញ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានអបអរសាទរចំពោះជោគជ័យរបស់សាលាក្តីខ្មែរក្រហម ក្នុងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។ លោកក៏បានបង្ហាញការចងចាំរបស់លោកថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំបានដឹកនាំការតស៊ូវាយផ្តួលរំលំរបបខ្មែរក្រហម ដោយមានការគាំទ្រពីទ័ពស្ម័គ្រចិត្តវៀតណាម។
ការគូសរំលេចពីអារម្មណ៍រីករាយ និងការអបអរសាទរចំពោះជោគជ័យនៃដំណើរការសាលាក្តីខ្មែរក្រហមនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
បើតាមលោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ពីភាពជោគជ័យនៃដំណើរការសាលាក្តីខ្មែរក្រហម ដែលជាសាលាក្តីកូនកាត់ ដោយមានកិច្ចសហការគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបអំពីការប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន និងជាការប្រកាសសាលដីកាចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងសាលាក្តីខ្មែរក្រហម។ សម្តេចតេជោ បានចាត់ទុកការប្រកាសសាលដីកាតម្តល់រក្សាសេចក្តីសម្រេចផ្តន្ទាទោស លោក ខៀវ សំផន ដាក់ពន្ធនាគារមួយជីវិតនេះ ជាការស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋរងគ្រោះក្នុងរបបប្រល័យពូជសាសន៍មួយនេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចដែរថា សម្តេច និងលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ធ្លាប់បានធ្វើការរួមគ្នា លើការងារប្រយុទ្ធប្រឆាំងរបបប្រល័យពូជសាសន៍នេះ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា សម្ដេចបានរង់ចាំអស់រយៈពេល ៤៣ឆ្នាំមកហើយ សម្រាប់ការស្វែងរកយុត្តិធម៌ ខណៈ ៤៣ឆ្នាំមុន ពលរដ្ឋកម្ពុជា បានរួចផុតពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយគាំទ្រពីប្រទេសវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជននាពេលនេះ ក្នុងគោលដៅបង្ការកុំឱ្យមានព្រឹត្តិការណ៍ប្រល័យពូជសាសន៍នេះកើតមានជាថ្មីទៀត នៅលើទឹកដីកម្ពុជា។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញការអបអរសាទរជាមួយសម្តេចតេជោ ហ៊ុន សែន ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃដំណើរការសាលាក្តីខ្មែរក្រហមក្នុងការផ្តន្ទាទោសមេដឹកនាំកំពូលនៃរបបខ្មែរក្រហម។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា លោកមានការចងចាំយ៉ាងច្បាស់ថា សម្ដេចតេជោបានដឹកនាំផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយការជួយគាំទ្ររបស់ប្រទេសវៀតណាម។
សូមបញ្ជាក់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅថាសាលាក្តីខ្មែរក្រហម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម។ សាលដីកានេះ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន ដោយផ្តន្ទាទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង។
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក បានឱ្យដឹងថា សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះ ជាការបិទបញ្ចប់សំណុំរឿង ០០២/០២ ក៏ដូចជាសំណុំរឿង ០០២ទាំងមូល ក្រោយពេលដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន។
សំណុំរឿង០០២ ជាសំណុំរឿងដ៏មានសារសំខាន់ដែលបណ្តុំទៅដោយអតីតមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ៤រូប ជាជនជាប់ចោទ រួមមានទី១៖ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហម, ទី២៖ លោក ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម, ទី៣៖ លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម និងទី៤៖ លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម។
នៅចុងបញ្ចប់នៃសំណុំរឿងនេះ ជនជាប់ចោទ ១រូប ក្នុងចំណោម ៤រូប គឺអតីតប្រធានគណៈប្រធានរដ្ឋ ខៀវ សំផន បច្ចុប្បន្ននេះ មានអាយុ៩១ឆ្នាំ នៅរស់រានមានជីវិត និងបានចូលរួមក្នុងដំណើរការនីតិវិធីច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង ខណៈជនជាប់ចោទ ៣រូបផ្សេងទៀតរួមមាន៖ លោក អៀង សារី (ស្លាប់ខែមីនា ឆ្នាំ២០១៣) និងលោកស្រី អៀង ធីរិទ្ធ (ស្លាប់នៅខែសីហា ឆ្នាំ២០១៥ ក្រោយរកឃើញថាមានជំងឺវង្វេងវង្វាន់បាត់ការចងចាំ) បានស្លាប់នៅក្នុងដំណើរការនីតិវិធីជំនុំជម្រះ រីឯលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហមមានពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងបានស្លាប់នៅក្នុងដំណាក់កាលបណ្តឹងសារទុក្ខក្នុងសំណុំរឿង ០០២/០២ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សាលដីកាសំណុំរឿង ០០២/០២ ពាក់ព័ន្ធជនជាប់ចោទ ខៀវ សំផន គឺជាសាលដីចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងបេសកកម្មស្វែងរកការពិត និងយុត្តិធម៌ជូនជនរងគ្រោះកម្ពុជាតាមរយៈការជំនុំជម្រះក្តីប្រឆាំងទៅលើជនពីរជំពូកគឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតលើឧក្រិដ្ឋកម្ម ដែលបាន ប្រព្រឹត្តឡើងនៅ ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលក្នុងនោះពលរដ្ឋខ្មែរចន្លោះ ១,៧លាន ទៅ ២,២លាននាក់ បានស្លាប់បាត់បង់ជីវិតដោយអំពើអមនុស្សផ្សេងៗ។
លោកបន្តថា នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយ ទៀតរបស់តុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិ និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជន កម្ពុជាជាពិសេសជនរងគ្រោះនៃរបបខ្មែរក្រហម ដែលបានទទួលនូវសាលដីកាថ្មីមួយទៀត និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ៕