(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្តីបន្ទោសដល់ក្រុមហ៊ុនធ្វើផ្លូវ និងលូ ដែលទុកចោល មិនព្រមធ្វើការលុបដី នៅចំណុចលូ៥ ផ្លូវវេងស្រេង ដែលទុកចោល បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជារៀងរាល់ថ្ងៃ ហើយជាទូទៅ ប្រជាជនរអ៊ូរទាំ និងចោទសាលាក្រុងថា ធ្វើផ្លូវ ស្ទះលូ ធ្វើលូ ខូចផ្លូវ។
លោក ប៉ា សុជាតិវង្ស លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១២ និងមន្ទីរជំនាញ ស្តីពីបញ្ហាប្រព័ន្ឋលូ អណ្តូង និងគម្របលូ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅសាលារាជធានីភ្នំពេញ។
ក្រៅពីការលើកឡើងនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា សាលាក្រុងនឹងដាក់គ្រឿងចក្រ ស្ថាបនាផ្លូវឆ្លង កាត់ភូមិសាស្ត្រ សង្កាត់ បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ដោយចាប់ពីផ្លូវ៣៧១ រហូតដល់ផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី។
លោកអភិបាលរាជធានី នៅបានជំរុញដល់មន្ត្រីជំនាញ ពន្លឿន ដល់ ការស្ថាបនាស្ថានីយ៍បូមទឹក ដែលកំពុងដំណើរការសាងសង់សព្វថ្ងៃនេះ ឲ្យលឿនរួចរាល់ ខណៈរដូវភ្លៀងចាប់ធ្លាក់បណ្តើរមកហើយ។
គួរបញ្ជាក់ថា កន្លងមក មានការរិះគន់ពីប្រជាពលរដ្ឋពាក់ព័ន្ធនិងបញ្ហា ជួសជុលលូ និងផ្លូវនេះ ភាពខ្វះការទទួលខុសត្រូវ របស់អ្នកម៉ៅការ បន្តពីសាលារាជធានី ការ ជីកលូទុកចោលមុខផ្ទះប្រជាពលរដ្ឋ ដែលមិនអាចប្រកបរបរអាជីវកម្មរបស់ពួក។ ជារឿយៗប្រជាពលរដ្ឋ តែងលើកឡើងថា ធ្វើផ្លូវស្ទះលូ ធ្វើលូស្ទះផ្លូវ ធ្វើយូរៗទៅ ស្ទះទាំងផ្លូវ ស្ទះទាំងលូ៕