(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ៦ នៅឃុំប្រឡាយ ស្រុកស្ទោង ដែលត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀង រហូតហូរកាត់ផ្លូវជាតិ និងដើម្បីជួយសម្រួលចររាចរណ៍ជូនប្រជាពលរដ្ឋនៅតំបន់នោះ។
ជាមួយនឹងការជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរបង្កើនការការយកចិត្តទុកដាក់ដល់ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងគំហុក លោក ងួន រតនៈ ក្នុងនាគណ:បញ្ជាការឯកភាពខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រយ័ត្នខ្ពស់ ជាពិសេសសូមប្រុងប្រយ័ត្ន ចំពោះកូនចៅក្មេងៗ តូច កុំបណ្ដោយឲ្យលេងទឹកប្រយ័ត្នសត្វអសិរពិសផ្សេង។
លោក ងួន រតនៈ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាពនិងសុវត្ថិភាពចំណីអាហារ ត្រូវពិសារទឹកឆ្អិនគ្រប់ៗគ្នា ហើយរដ្ឋ បាលស្រុងស្ទោង ត្រូវសហការជាមួយមន្ទីរសាធរណការ, មន្ទីរធនធានទឹក, មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរកសិកម្ម ត្រូវតាមដាន និងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលខេត្ត និងស្ថានភាពការលិចលង់ ដំណាំ ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ និងធ្វើសេចក្តីជូនដំណឹងដល់សាធារណជន ជាពិសេស រថយន្តដឹកទំនិញធុនធ្ងន់ ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន បើស្ថានភាពទឹកនៅតែបន្តកើនជនខ្លាំង។
លោកបន្តថា ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង ពិសេសនៅភូមិសាស្ត្រឃុំប្រឡាយ បានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗ គ្នាខ្លាំង ជាងគេ ទើប បណ្ដាល ឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន និងហូរកាត់ផ្លូវជាតិលេខ៦នៅចន្លោះគីឡូម៉ែត្រលេខ២៣៤និង២៣៥ ប្រវែងជិត៤០០ម៉ែត្រ ត្រង់ចំណុចភូមិ ព្រៃខ្លា ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយគ្នានោះ លោក ងួន រតនៈ ក៏បបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋាន សូមជួយកាយលូរ ដែលស្ទះនៅតាមភូមិឋានរបស់ខ្លួនដើម្បីជួយបន្ធូរ និងរំដោះទឹកឱ្យបានទាន់ពេលវេលា និងដើម្បីកុំឲ្យមានការកកស្ទះយូរថ្ងៃផងដែរ៕