(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអំពាវនាវឲ្យប្រទេសចិន ចូលរួមក្នុងការស្វែងរក «ដំណោះស្រាយការទូត» ដើម្បីកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បួង ដែលការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាថ្ងៃទី០៦ ខែឧសភា។
លោក Kerry បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា រដ្ឋាភិបាលនៃប្រទេសចិនគួរតែស្វែងរកដំណោះស្រាយការទូតណាមួយ ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដែលវាជាប្រធានបទដ៏ក្ដៅនៅអាស៊ីនាពេលបច្ចុប្បន្ន។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះផងដែរ រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានពញ្ញាក់អារម្មណ៍ចិន ឲ្យជួយពន្យល់កូរ៉េខាងជើងឲ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យម្សិលមិញនេះ លោក John Kerry បានមកដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំចំនួន៣ថ្ងៃ ដែលតែងតែពិភាក្សាគ្នាទៅលើយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ក្នុងភាពជាដៃគូ ប៉ុន្តែនៅព្រឹកមិញនេះ លោក John Kerry បានលើកឡើងពីបញ្ហាសមុទ្រខាងត្បូងទៅវិញ៕