(ភ្នំពេញ)៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ដែលសម្តេចបានយកចិត្ត ទុកដាក់ខ្ពស់លើការបោសសំអាតមីន ដើម្បីកុំឱ្យបន្តមានការគំរាមកំហែងដល់អាយុជីវិតមនុស្ស ក៏ដូចជាការនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ រាជធានីភ្នំពេញត្រូវបានប្រកាសជាផ្លូវការហើយគឺជាទីក្រុង អស់មីន។
ពិធីប្រកាសនេះដែរបានធ្វើឡើងក្រោយអធិបតីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមានការចូលរួមពីលោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន, លោក មាន ចាន់យ៉ាដា អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងមានអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងនាឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ តាមការចង្អុរបង្ហាញពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបំពេញការងារទទួលជោគជ័យប្រកបទៅដោយផ្លែផ្កា ធ្វើឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់នូវសមត្ថភាពលើវិស័យបោសសម្អាតមីននៅកម្ពុជា។
លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ទៀតថា រាជធានីភ្នំពេញកាលពី ៤៣ឆ្នាំមុន បានពោរពេញទៅដោយភាពឈឺចាប់ ដោយបានឆ្លងកាត់សង្គ្រាម និងបានក្លាយ ជាទីក្រុងខ្មោច ដែលកើតចេញពីវិនាសកម្មសង្គ្រាម បានបន្សល់នូវភាពនិរាសព្រាត់ប្រាស់ កំព្រា ឯការ និងភាពខ្ទេចខ្ទាំ ដោយបានឆ្លង កាត់ការលំបាកជាច្រើន ដំណាក់កាលរហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះនិងបានប្រសិទ្ធិនាមថាជា ទីក្រុងគ្មានមីន។
លោកស្រី បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានបិទបញ្ចប់ដោយជោគជ័យនូវសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយពេលជាងពីរទសវត្សរ៍ និងបានបិទបញ្ចប់ទាំងស្រុង នូវអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធានៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅចុង ឆ្នាំ១៩៩៨ ក្រោមការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត និងបាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី និងសុខសន្តិភាពពេញលេញ ជូនប្រទេសជាតិ និងប្រជាជនផងដែរ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងដែរថា ការគំរាមកំហែងដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះគឺមានភាពស្មុគស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើន ដល់ប្រជាពលរដ្ឋ និងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៍ថែមទៀត។ជាមួយគ្នានេះកម្ពុជាបានប្តេជ្ញាលប់បំបាត់គ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ២០២៥ តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក មាន ចាន់យ៉ាដា បានលើកឡើងដែរថា រាជធានីភ្នំពេញកាលពី ៤៣ឆ្នាំមុន គឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទ គ្មានសល់អ្វីៗត្រូវបានកំទេច រាប់ទាំងជីវិតមនុស្ស។ រាជធានីភ្នំពេញបានឆ្លងកាត់ភ្លើងសង្គ្រាម និងឧបសគ្គជាច្រើន ទំរាំបានដូចសព្វថ្ងៃនេះ។ សង្គ្រាមឈ្លប និងចលនាឧទ្ទាម បានបង្កអសន្តិសុខ សង្គមព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេស ដែលបានឆក់យកជីវិត ឬបង្កឲ្យមានពិការភាព ដល់ប្រជាពលរដ្ឋ រហូតដល់សព្វថ្ងៃដែលបង្កឡើង ដោយផលលំបាកនៃសង្គ្រាម និងគ្រាប់មីន។
លោកបន្តថា ផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញ មានចំការមីន ចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ ម៉ែត្រការ៉េ ដែលមានខណ្ឌចំនួន៤ គឺខណ្ឌជ្រោយចង្វា, ព្រែកព្នៅ, ពោធិសែនជ័យ និងខណ្ឌសែនសុខ។ អ្វីដែលគួរឱ្យសោកស្តាយជាទីបំផុតនោះ គឺគិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានអ្នករងគ្រោះសរុបចំនួន ២០៤នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន ៧២នាក់, ពិការ៥នាក់ និងរបួសចំនួន ១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់ សង្គមចាំបាច់ ត្រូវបន្តខិតខំដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៍ទីក្រុងផងដែរ៕