(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ Antimicrobial Resistance (AMR) ដែលជាកម្មវិធីអមមហាសន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី៧៧ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅសណ្ឋាគារ Lexington ទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់ Global Leaders Group ដែលជាសហប្រធាននៃកិច្ចប្រជុំ ប្រមុខរដ្ឋ ប្រធានគណៈប្រតិភូ តំណាងមកពីប្រទេសជាសមាជិក តំណាងមកពី អង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍអន្តរជាតិ និងភ្ញៀវកិត្តិយស ដ៏ច្រើនកុះករ។
នៅក្នុងព្រឹត្តការណ៍នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ឱកាសថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹកដ៏សំខាន់នេះ ដែលជាកម្មវិធីអមមហាស ន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី៧៧។ លោកស្រីរដ្ឋលេខាធិការ ក៏បានស ម្ដែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅជូនដល់ Global Leaders Group ជាពិសេស លោកស្រី Mia Amor Mottley នាយករដ្ឋមន្ត្រីនៃប្រទេសបាបាដូស (Barbados) និងលោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស(Bangladesh) ដែលជាសហប្រធានបែកិច្ចប្រជុំ និងព្រមទាំងអ្នករៀបចំកិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សា បង្ហាញពីកង្វល់ និងសកម្មភាពរបស់យើងក្នុងការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR) នៅក្នុងប្រទេសជុំវិញពិភពលោក។
លោកស្រីបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ការរាតត្បាតនៃជំងឺកូវីដ-១៩នៅកម្ពុជា ត្រូវបានគ្រប់គ្រងដោយជោគជ័យ ជាពិសេសលើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរហូតមកដល់បច្ចុប្បន្ន បានប្រមាណ ៩៥% នៃប្រជាជន សរុប ១៦ លាននាក់ដែលមានអាយុលើសពី ៣ ឆ្នាំ ដែលអនុញ្ញាតឱ្យកម្ពុជាបើកដំណើរការប្រទេសឡើងវិញ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក។
លោកស្រីបានបន្តថា ក្នុងចំណោមបទពិសោធន៍ និងមេរៀនជាច្រើន ដែលទទួល បានពីការឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូរីដ-១៩ ការការពារឱ្យបានហ្មត់ចត់តាមដែលអាចធ្វើទៅបាននូវ ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ត្រូវទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ដោយក្រសួងសុខាភិបាលកម្ពុជា ពីព្រោះការកើនឡើងនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទឹកដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ជា ពិសេសការព្យាបាលដោយខ្លួនឯងដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ក៏ជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែល នឹងធ្វើឱ្យមានភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកផងដែរ។ ការប្រាស្រ័យទំនាក់ទំនងហានិភ័យសុខភាព បណ្តាលមកពីការប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ញា និងការត្រួតពិនិត្យត្រឹមត្រូវ ដោយមានយន្តការសមស្រប នៅក្នុងប្រទេស និងក្នុងតំបន់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយឱ្យបានល្អប្រសើរឡើងនូវបញ្ហា នេះ រួមជាមួយនឹងការតាមដានការអនុវត្តគោលការណ៍ណែនាំការព្យាបាលសមស្របដោយអ្នកផ្តល់សេវា ថែទាំសុខភាព និងដោយបុគ្គលម្នាក់ៗ។
លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីផងដែរថា ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក គឺជាកង្វល់សុខភាពសាធារណៈទាំងមុនពេល អំឡុងពេល និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយ ក្រសួងសុខាភិបាលកម្ពុជា បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានប្តេជ្ញាដោះស្រាយ ទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីកនៅកម្ពុជា។ លើសពីនេះ កម្ពុជា បានអភិវឌ្ឍគោលនយោបាយទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក រួមមានផែនការយុទ្ធសាស្ត គោលការណ៍ណែនាំសម្រាប់ប្រតិបត្តិ ក្របខណ្ឌត្រួតពិនិត្យសម្រាប់វាយតម្លៃ និងកម្មវិធីសិក្សា ព្រមទាំង សម្ភារៈសម្រាប់ការបណ្តុះបណ្តាល មុនបម្រើសេវា និងក្នុងពេលផ្តល់សេវាកម្ម ត្រូវបានបង្កើតឡើង ដោយក្រសួងសុខាភិបាលកម្ពុជា រួមជាមួយនឹងក្រុមការងារបច្ចេកទេសអន្តរវិស័យសម្រាប់ទប់ស្កាត់ភាព ស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹក ដែលបានបង្កើតឡើងចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១។
លោកស្រីរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន កម្ពុជាកំពុង បន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹកនៅក្នុងតំបន់៕
ខាងក្រោមនេះជាសេចក្តីប្រកាសអំពី ព្រឹត្តិការណ៍ ការទប់ស្កាត់ភាពស៊ាំ នៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក៖