(ភ្នំពេញ)៖ ភាគីកម្ពុជានិងភាគីវៀតណាមបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អបន្ថែមទៀត។

ការឯកភាពនេះធ្វើឡើងក្នុងកិច្ចពិភាក្សារវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ង្វៀន ហួយតាង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

លោក អ៉ិត សំហេង រំពឹងថាក្នុងអាណត្តិបេសកកម្មរបស់លោក ង្វៀន ហួយតាង នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកឯកអគ្គរដ្ឋទូតបានឆ្លើយតបវិញថានឹងបន្តកិច្ចសហការជិតស្និទ្ធបន្ថែមទៀតលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយកម្ពុជា។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតក៏បានអញ្ជើញលោករដ្ឋមន្ត្រី អ៉ិត សំហេង ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានបញ្ជាក់ថាលោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅវៀតណាមនាចុងឆ្នាំនេះ។ លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា លោកនឹងបញ្ជូនក្រុមការងារកម្រិតបច្ចេកទេស ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ចែករំលែកឧត្តមានុវត្ត និងពិភាក្សាដោះស្រាយបញ្ហាប្រឈមជាមួយក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាមផងដែរ។

គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាមបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់រយៈពេល៥ឆ្នាំ។

អនុស្សរណៈនោះមានគោលបំណងផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានា ការសិក្សាប្រៀបធៀបលើវិស័យការងារមុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជាការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្តនិងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្មសេរីភាពខាងសមាគម សុខភាពនិងសុវត្ថិភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។ ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។ ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។ ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕