(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សមនុស្ស ក្រោមប្រធានបទ៖ ខ្ញុំ និងអ្នក យើងទាំងអស់គ្នា រួមគ្នាលើកកម្ពស់វប្បធម៌ ផ្តល់ឈាមសង្រ្គោះជីវិត» ដោយមានការចូលរួមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បុគ្គលិកវិមាន ៧មករា និងយុវជន ស.ស.យ.ក ខណ្ឌជ្រោយចង្វារ ជាច្រើនរូប។
លើកឡើងនាឱកាសនោះលោក អ៊ុំ សារឹទ្ធ បានថ្លែងកោតសរសើរដល់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នារៀបចំឲ្យមានកម្មវិធីនេះឡើង ព្រមទាំងបានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បុគ្គលិកវិមាន៧មករា និងសមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌជ្រោយចង្វារ ព្រមទាំងអ្នកស្ម័គចិត្តទាំងអស់ដែលបានចូលរួមធ្វើអំណោយឈាមនៅពេលនេះ។
លោក អ៊ុំ សារឹទ្ធ បានគូសបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនៅពេលនេះ មានគោលបំណងសំខាន់ៗដូចជា៖ ធ្វើអំណោយឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីយក ទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស, ចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម និងចូលរួមលើកកម្ពស់វប្បធម៌នៃការធ្វើអំណោយឈាម។ ការបរិច្ចាគឈាមនឹងក្លាយជាកិច្ចការមនុស្សធម៌មួយដ៏សំខាន់សម្រាប់ប្រជាជនទូទៅ ចំណែកធ្វើដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
លោក អ៊ុំ សារឹទ្ធ បានសង្កត់ធ្ងន់ថា ឈាមជាអំណោយដ៏មានតម្លៃ មិនអាចមានអ្វីមកប្រៀបបានឡើយ ហើយវិទ្យាសាស្ត្រមិនទាន់អាចផលិតឈាមបាននោះទេ។ ដូច្នេះ ហើយយើងត្រូវការជាចាំបាច់នូវការធ្វើអំណោយឈាមពីសប្បុរសជន ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដែលត្រូវការឈាម។ ការធ្វើអំណោយឈាមមិនត្រឹម តែជាការប្រោសជីវិតជនរងគ្រោះដែលត្រូវការការឈាមប៉ុណ្ណោះទេ តែក៏ជាការប្រោសឲ្យមានក្តីសង្ឃឹម និងស្នាមញញឹមសម្រាប់ក្រុមគ្រួសារជនរងគ្រោះទាំងមូល ឲ្យរួចផុតពីទុក្ខនៃការបាត់បង់សមាជិកក្រុមគ្រួសារខ្លួន។
ជាងនេះទៀត ការផ្ដល់ឈាមក៏ជាការជួយសង្គ្រោះធនធានមនុស្សជាតិ ក្នុងន័យនេះ លោកក៏បានលើកទឹកចិត្តមន្រ្តី បុគ្គលិក ជាពិសេសយុវជនទាំងអស់ចូលរួមឲ្យកាន់ តែសកម្មថែមទៀតក្នុងការធ្វើអំណោយឈាមដោយសុវត្ថិភាព ស្របតាមការណែនាំរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
បើតាមលោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងថា ការបរិច្ចាគឈាម មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ដូចជា៖ ការបរិច្ចាគឈាមម្តងមានចំនួនក្រើនរំលឹកសុខភាពម្តង ដឹងពីស្ថានភាពជំងឺផ្សេងៗដូចជា ជំងឺថ្លើមប្រភេទ B ប្រភេទC ស្វាយ អេដស៍។ ជួយកាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយកំហាប់ក្នុងឈាម ការលើសជាតិដែកដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ជួយធ្វើឱ្យប្រសើរឡើងសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ ជំងឺដាច់សសៃឈាមក្នុងខួរក្បាល៕