(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធររមូលដ្ឋាន និងប្រជាពលរដ្ឋបានចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តព្រះធាតុបាស្រី និងវត្តមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោក អ៊ាង សុផល្លែត និងក្រុមការងារ បាននាំយកទេយ្យទានមានអង្ករ ភេសជ្ជៈ នំចំណី គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា និងបានដុតធូប និងថ្វាយគ្រឿង សក្ការបូជានៅចំពោះព្រះ ភក្ត្រព្រះពុទ្ធរូប ព្រមទាំងបានអញ្ជើញសមាទានសីល នៅក្នុងសាលាធម្មទាន និងសូមបួងសួងឱ្យវត្ថុស័ក្កិសិទ្ធិទាំងពួង តាមជួយថែរក្សាក្តុមការងារ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមគ្រួសារ ក៏ដូចប្រជាពលរដ្ឋ សម្រេចពុទ្ធពរ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។
សូមបញ្ជាក់ថា វត្តព្រះធាតុបាស្រី មានទីតាំងស្ថិតនៅភូមិព្រះធាតុថ្មដា ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ទីតាំងវត្ត មានប្រាសាទព្រះធាតុបាស្រី ឬប្រាសាទព្រះធាតុព្រះស្រី គឺប្រហែលមាន រចនាបថកោះកេរ ក្នុងសតវត្សន៍ទី១០។
នៅអមសងខាងផ្លូវចូលវត្តព្រះធាតុ មានគ្រឹះប្រាសាទពីរទៀត ដែលសាងសង់ពីថ្មបាយក្រៀម នៅផ្នែកខាងស្តាំដៃគេហៅថា ប្រាសាទវិហារគុហ៍ នៅផ្នែកខាងឆ្វេងដៃហៅថាប្រាសាទព្រះចូលនិព្វាន និងមានគ្រឹះ ប្រាសាទផ្សេងទៀតនៅខាងជើងវត្ត ដែលសព្វថ្ងៃគ្រឹះប្រាសាទទាំងអស់នោះ បានទទួលរងការបាក់បែង និងការសង់សំណង់ថ្មីអស់ខ្លះហើយ៕