(ព្រះវិហារ)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៧ តាមទម្រង់ Hybrid ចេញពីខេត្តសៀមរាបដោយមានការចូលរួមប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្តផងដែរ។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមប្រជុំខាងលើនេះ រួមជាមួយនឹងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិជារដ្ឋសមាជិកចំនួន៧ ប្រទេស រួមមានលោកស្រី Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា និងលោកស្រី Zhu Ye អគ្គនាយករងទទួលបន្ទុកការផ្លាស់ប្តូរ និងសហប្រតិបត្តិការនៃរដ្ឋបាលវប្បធម៌និងបេតិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋសមាជិកមកពីប្រទេសបារាំង ជប៉ុន ប៊ែលហ្សិក ថៃ និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះក៏មានការចូលរូមពីអ្នកជំនាញការជាតិ និងអន្តរជាតិ និងដៃគូសហប្រតិបត្តិការរបស់អាជ្ញាធរជាតិព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងការប្រឹក្សាយោបល់លើការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរផងដែរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ ដោយផ្តោតលើការពិភាក្សាអំពីការងារអភិរក្សនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ។
បន្ទាប់ពីបានស្តាប់នូវបទបង្ហាញវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍របស់អ្នកជំនាញការអាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអន្តរជាតិមកពីភ្នាក់ងារសិក្សាស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI), សាលាចុងបូព៌ាបារាំង (EFEO), សកលវិទ្យាល័យ WASEDA នៃប្រទេសជប៉ុន និងសកលវិទ្យាល័យ British Columbia នៃប្រទេសកាណាដា អង្គប្រជុំបានអនុម័តអនុសាសន៍ ICC-Preah Vihear ដើម្បីប្រើប្រាស់ធ្វើជាឯកសារគោលសម្រាប់ការអនុវត្តការងារនាពេលខាងមុខ។
ជាមួយគ្នានេះដែរ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ជំនួយរបស់មូលនិធិសម្រាប់ការអភិរក្សវប្បធម៌សហរដ្ឋអាមេរិក ដែលបានសម្រេចបន្តផ្តល់ថវិកាចំនួន ៣៦០.៨០៤ ដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត ដល់អាជ្ញាធរជាតិព្រះវិហារ សម្រាប់គម្រោងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារដំណាក់កាលទី៤ ចាប់ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ ២០២៤។
អង្គប្រជុំអបអរសាទរចំពោះរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ដែលបានផ្តល់ជំនួយបច្ចេកទេសដោយបានបញ្ជូនអ្នកជំនាញការភ្នាក់ងារសិក្សាស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) មកសិក្សាស្រាវជ្រាវជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ហើយនឹងរៀបចំទីស្នាក់ការរបស់អ្នកជំនាញការឥណ្ឌានៅខេត្តព្រះវិហារក្នុងពេលឆាប់ៗខាងមុខនេះ។ ICC-Preah Vihear ធ្វើការកត់សម្គាល់ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់អង្គការ World Vision Japan ចំនួន ៦៤៨.០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយដល់គម្រោងសេវាសុខភាព អាហារ ទឹកស្អាត និងអនាម័យ នៅក្នុងខេត្តព្រះវិហារក្នុងឆ្នាំ ២០២២។
អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear នឹងរៀបចំកិច្ចប្រជុំពេញអង្គ ICC-Preah Vihear នៅអំឡុងពេល ៦ ខែ ជាថ្មីម្តងទៀត នៅខែមីនា ឆ្នាំ២០២៣ ដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ៕