(កំពង់ស្ពឺ)៖ ក្រោយពីរាជរដ្ឋាភិបាល បានចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ រដ្ឋបាលខេត្តកំពងស្ពឺ ក្រោមការដឹកនាំរបស់លោក វ៉ី សំណាង អភិបាលខេត្ត បានបញ្ជាឲ្យរដ្ឋបាលក្រុង ស្រុកត្រូវចុះពិនិត្យរាល់ទីតាំងទាំងអស់ដែលសង្ស័យលួចបង្កប់ល្បែងស៉ីសងគ្រប់ប្រភេទ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ទឹម ផានូ អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងច្បារមន ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង ចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងល្បែងអ៊ីនធឺណេតអនឡាញ ដែលលួចបើកធ្វើអាជីវកម្មដោយខុសច្បាប់មាន់ជល់តាម Online ចាក់តាមទូរស័ព្ទ។

លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានឲ្យដឹងថា ក្រុមការងារ សហការជាកងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះពិនិត្យក្នុងតូបលក់កាហ្វេមួយកន្លែង ស្ថិតនៅចំណុចបែនឡានផ្សារកំពង់ស្ពឺ ក្នុងនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។ ក្នុងនោះ ឃាត់ខ្លួនមនុស្ស២នាក់ ទី១៖ឈ្មោះ សុខុម វណ្ណលីដា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់ច្បារមន ក្រុងច្បារមន និងទី២៖ឈ្មោះ វឿន សុវី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន។

កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន លុយខ្មែរចំនួន ២,៣០០,០០០រៀល, កុំព្យូទ័រ ចំនួន០១គ្រឿង, ទូរទស្សន៍ ចំនួន០២គ្រឿង, ស៊ីភីយូ ចំនួន០១គ្រឿង, ដុំWiFi ចំនួន០១គ្រឿង, ទូរស័ព្ទម៉ាកOppo ចំនួន០១គ្រឿង និងម៉ូតូScoopy ចំនួន០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-2514។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដនីតិវិធី៕