(ភ្នំពេញ)៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគដ៏មានឥទ្ធិពលបំផុត ដែលប្រទេសមួយៗអាចធ្វើបាន ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងការងារ ជាមួយនោះកាលានុវត្តភាពដែលសតវត្សរ៍ទី២១និងការផ្លាស់ប្តូរឌីជីថល បានផ្តល់ឱ្យយើង នូវតម្រូវការធ្វើបរិវត្តកម្មការអប់រំដែលផ្តោតលើគុណភាពនិងសមធម៌ និងការទទួលយកនូវឧបករណ៍ឌីជីថល។
លោកស្រី Carmen Moreno បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសដែលប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា រួមជាមួយស្ថានទូតនៃ សាធារណរដ្ឋឆេក បារាំង អាល្លឺម៉ង់ ហុងគ្រី និងប៉ូឡូញ «ក្រុមអឺរ៉ុប» រៀបចំពិព័រណ៍អាហារូបករណ៍អឺរ៉ុបលើកដំបូង -ឱកាសសិក្សាថ្នាក់ឧត្តមសិក្សានៅអឺរ៉ុប សម្រាប់យុវជនកម្ពុជា ដែលមានបំណងក្នុងការបន្តការសិក្សាថ្នាក់ឧត្តម សិក្សានៅអឺរ៉ុប និងដែលមានបំណងស្វែងរកអាហារូបករណ៍។
ព្រឹត្តិការណ៍នេះក៏រៀបចំឡើងដើម្បីអបអរសាទរដល់បុគ្គលិកសិក្សា និងនិស្សិតកម្ពុជា ដែលបានទទួលអាហារូបករណ៍ក្រោម «កម្មវិធី Erasmus+» របស់សហភាពអឺរ៉ុប ដោយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុបបានផ្តល់អាហាររូបបករណ៍ដល់និស្សិត និងបុគ្គលិកឧត្តមសិក្សាជាដៃគូនៅកម្ពុជាជិត ២០០នាក់ ដើម្បីបន្តការ សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិតចំរុះ ឬក៏ផ្តល់ការបង្រៀន និងការបណ្តុះ បណ្តាលនៅក្នុងសាកលវិទ្យាល័យនានានៅអឺរ៉ុប។
លោកស្រី Carmen Moreno បានបន្ថែមទៀតថា ការអប់រំមិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរសម្រាប់ការសម្រេច ដោយជោគជ័យនូវគ្រប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលមានចែងក្នុងរបៀបវារៈឆ្នាំ២០៣០ផងដែរ។
លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងដែរថា អាហារូបករណ៍ទៅសិក្សានៅអឺរ៉ុប ដែលផ្តល់ថវិកាដោយកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុប ឬដោយកម្មវិធីទ្វេភាគីដ៏សប្បុរសរបស់រដ្ឋជាសមាជិកសភាពអឺរ៉ុប គឺជាការគាំទ្រដ៏ល្អក្នុងការបង្កើនចំណេះដឹងដល់និស្សិតបញ្ចប់ការ សិក្សាកម្ពុជា ដើម្បីឱ្យប្រទេសនេះទទួលបានអត្ថប្រយោជន៍នៃសមាហរណកម្ម អាស៊ាន និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
សូមបញ្ជាក់ថា Erasmus+ គឺជាកម្មវិធីដ៏ចម្បងរបស់សហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអប់រំ ការបណ្តុះបណ្តាល យុវជន និងកីឡា ដែលមានថវិកា ២៦.២ ពាន់លានអឺរ៉ូ សម្រាប់រយៈពេលចន្លោះពីឆ្នាំ ២០២១ - ២០២៧ ។ តាមរយៈ Erasmus+ និងកម្មវិធីមួយចំនួនទៀត សហភាពអឺរ៉ុបបាន លើកកម្ពស់គុណភាព នៃឧត្តមសិក្សា នៅកម្ពុជា និងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរគ្រូ និងសិស្សរវាងកម្ពុជា និងអឺរ៉ុប។ ត្រឹមតែរយៈពេល ៣ឆ្នាំចុងក្រោយ (២០២០, ២០២១, ២០២២) និស្សិតកម្ពុជាចំនួន ១២៩នាក់ គ្រូបង្រៀន ៥៩នាក់ ទទួលបានឱកាសទៅសិក្សានៅសាកលវិទ្យាល័យនានានៅអឺរ៉ុប៕