(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានដឹកនាំលោក លោកស្រីស្នងការរង ជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៦១៩ ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ក្នុងពិធីជួបសំណេះសំណាល ដែលធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ក៏បាននាំយកថវិការរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងសម្ភារគ្រឿងឧបភោគ បរិភោគដែលជាអំណោយរបស់លោក វ៉ា ថន អភិបាលខេត្ត ចែកជូនដល់មន្រ្តីនគរបាលវរការពារព្រំដែនគោក៦១៩ ផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា បានសម្តែងនូវការកោតសរសើរ ដល់កងកម្លាំងនគរបាលវរការពារព្រំដែនទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការខិតខំបំពេញភារកិច្ច ក្នុងកាតព្វកិច្ចការងារព្រំដែន ធ្វើឲ្យសន្តិសុខព្រំដែនមានភាពល្អប្រសើរ។
លោកឧត្តមសេនីយ៍ស្នងការ បានជំរុញបន្ថែមឲ្យនគរបាលការពារព្រំដែន បន្តយកចិត្តទុកដាក់ក្នុងកិច្ចសហការ ជាមួយកម្លាំងយោធាព្រំដែន ក្នុងកិច្ចការងារការពារលើសន្តិសុខ និងទប់ស្កាត់បង្រ្កាបបទល្មើសនៅតាមព្រំដែន ឲ្យកាន់តែទទួលបានលទ្ធផលល្អបន្ថែមទៀត៕