(ភ្នំពេញ)៖ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ក្រសួងកំពុងរៀបចំ និងនាំមរតកវប្បធម៌អរូបីចំនួនពីរ គឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីចូលក្នុងបេតិកភណ្ឌអរូបី របស់អង្គការយូណេស្កូ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានថ្លែងបែបនេះថា «ក្រសួងកំពុងរៀបចំដើម្បីស្នើចុះបញ្ជី នំបញ្ចុក និងគុនល្បុក្កតោ ក្នុងសម្បត្តិអរូបីរបស់អង្គការយូណេស្កូ និងព្រះរាជពិធីបុណ្យអុំទូក ដាក់ក្នុងបញ្ជីត្រៀមដើម្បីស្នើសុំចុះបញ្ជីក្នុងពេលខាងមុខ»។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ បានបន្ថែមទៀតថា ក្រៅពីមរតកវប្បធម៌អរូបី ក្រសួងវប្បធម៌ ក៏បានត្រៀមស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

លោកបន្ដថា ក្រសួងក៏កំពុងពិនិត្យសម្បត្តិវប្បធម៌រូបីមួយចំនួនទៀត ដូចជាក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរី និងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានឧត្តុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង «ម-១៣» ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំចុះបញ្ជី។

បើគិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ចំនួន៣ និងសម្បត្តិវប្បធម៌អរូបី ចំនួន៥ ក្នុងនោះរួមមាន៖

* ប្រាសាទអង្គរ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២
* របាំព្រះរាជទ្រព្យ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣
* ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៧
* ល្ខោនស្រមោលស្បែកធំ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥
* ល្បែងទាញព្រ័ត្រ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥
* ចាប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦
* តំបន់ប្រាសាទសំបូរព្រៃគុក៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧
* ល្ខោនខោលវត្តស្វាយអណ្ដែត៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕