(ប៉ៃលិន)៖ ដើម្បីលើសោភ័ណភាព និងភាពស្រស់ស្អាតសាកសមជាខេត្តទឹកដីត្បូងពេជ្រ និងជាមុខមាត់ប្រទេសជាតិផងនោះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកែលម្អធ្វើសួននៅទ្រូងផ្លូវ ដាំផ្កាបំពាក់ភ្លើង និងដាក់រនាំងដែក ធ្វើឲ្យមានភាពស្រស់ត្រកាល។
ជាក់ស្តែង នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងរដ្ឋបាលសាលាខេត្ត សាលាស្រុកសាលាក្រៅ រួមជាមួយនឹងក្រុមយុវជនស.ស.យ.ក.ខេត្ត បានធ្វើការរៀបចំតុបតែងទ្រូងផ្លូវបំពាក់ផ្ការំដួលបន្ថែមទៀត ដោយបំពាក់ចាប់តាំងពីច្រកទ្វារអន្តរជាតិព្រំ រហូតមកទល់នឹងជិតផ្សារលើមានប្រវែងជាង ២០០០ម៉ែត្រ។
លោក សៅ សារ៉ាត់ បានថ្លែងថា ការរៀបចំតុបតែងដាក់ផ្ការំដួលនៅលើទ្រូងផ្លូវដោយក្រុមការងារនេះ គឺដើម្បីធ្វើឲ្យមានសោភណភាពស្រស់ស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិនកាន់តែច្រើន។ រហូតមកដល់ពេលនេះ សោភ័ណភាពនៅច្រកទ្វារអន្តរជាតិព្រំ ទាំងពេលថ្ងៃនិងពេលយប់ គឺមានការខុសប្លែកពីមុនឆ្ងាយណាស់ដោយរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារឲ្យចុះរៀបចំទ្រូងផ្លូវ ហើយដាំផ្កាដាំស្មៅនៅលើទ្រូងផ្លូវជាហូរហែ ជាពិសេសមកដល់ពេលនេះ គឺក្រុមការងារបានរៀបចំតុបតែងកែលម្អឲ្យមានភាពស្រស់ស្អាតបន្ថែមទៀត ខណៈដែលមានអគារច្រើនជាន់ ខ្ពស់ត្រដែតស្កឹមស្កៃគួរឲ្យគាត់សម្គាល់។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្បែរច្រកព្រំដែននាំគ្នា យកចិត្តទុកដាក់ជួយថែរទាំសម្បត្តិរដ្ឋ ដែលបានរៀបចំនៅពេលឲ្យបានគង់វង់ព្រោះសម្បត្តិរួមទាំងអស់គ្នា។ ម្យ៉ាងទៀត លោកស្នើឲ្យថែរក្សាបរិស្ថានអានាម័យដោយទុកដាក់សម្រាម ក៏ដូចជាថង់ប្លាស្ទិកឲ្យបានត្រឹមត្រូវ មិនឲ្យមាននៅលើទ្រូងផ្លូវ ដើម្បីឲ្យភ្ញៀវមានការកោតសរសើរអំពីសោភ័ណភាពនៃច្រកទ្វារមួយនេះ ហើយជាពិសេសពេលបានមកលេងនៅខេត្តយើងហើយចង់មកលេងទៀត។ លោកក៏បានបញ្ជាក់ដែរថា នេះគឺជាកេរ្តិ៍មរតកដ៏មានតម្លៃ ទុកសម្រាប់កូនចៅជំនាន់ក្រោយ៕