(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំពិធីអបអរទិវាពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទ «រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត» និង ពិធីប្រកាសទទួលស្គាល់ និងបំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហម ចំនួន៥៨នាក់។

ពិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានលើកឡើងថា កាកបាទក្រហមកម្ពុជា ជាសមាគមជាតិតែមួយគត់នៅក្នុងប្រទេស ជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ លោក ស្វាយ សំអ៊ាង បានបញ្ជាក់បន្ថែមថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយ ដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និងសហគមន៍, ធ្វើជាគំរូល្អក្នុងការធ្វើការងារជាក្រុម ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង។

លោកបន្តថា ខេត្តស្ទឹងត្រែង រៀងរាល់ឆ្នាំតែងតែមានគ្រោះមហន្តរាយកើតមានឡើង សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង តែងតែធ្វើសកម្មភាពចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ គ្រប់ទីកន្លែង ដោយមិនមានការប្រកាន់និន្នាការនយោបាយគណបក្ស ព៌ណសម្បុរ ជាតិសាសន៍ឡើយ ដោយក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើឲ្យវិស័យមស្សធម៌នេះ បានជួយប្រជាពលរដ្ឋក្រីក្រ និងអ្នកជួបគ្រោះធម្មជាតិបានគ្រប់ទីកន្លែង ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម»

ជាមួយគ្នានេះ លោក ស្វាយ សំអ៊ាង ក៏បានលើនូវពីតួនាទីភារកិច្ចដល់ប្អូនៗ ក្នុងការចូលរួមការងារសង្គម ក្នុងនាមតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និងជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុង សកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ព្រមទាំងចូលរួម ក្នុងការផ្សព្វផ្សាពីគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅក្នុងសាលា និងសហគមន៍ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហគមន៍របស់ខ្លួន និងចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះគោរពច្បាប់ ចរាចរណ៍ផងដែរ៕