(ភ្នំពេញ)៖ និយ័តករសន្តិសុខសង្គម ដែលស្ថិតនៅក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីពី និយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែម និងជំរុញការអនុវត្តប្រតិបត្តការប្រព័ន្ធសន្តិសុខសង្គមប្រកបដោយប្រសិទ្ធិភាព។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម ដោយមានការចូលរួមពីលោក លោកស្រី អ្នកនាងកញ្ញា ដែលជាតំណាងមកពីស្ថាប័នពាក់ព័ន្ធ រួមមានបេឡាជាតិសន្តិសុខសង្គម ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ព្រមទាំងមានការចូលរួមពីតំណាងនិយោជក និយោជិត និងមូលដ្ឋានសុខាភិបាលឯកជននានា សរុបប្រមាណ១០០ នាក់។

លើសពីនេះទៀត សិក្ខាសាលា ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីនិយ័តកម្ម ប្រព័ន្ធសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជា និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធក្នុងកិច្ចដំណើរការ នៃការធ្វើនិយ័តកម្ម។ ការដាក់ចេញអនុក្រឹត្យស្តីពីនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គម បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវជំហររបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែរទម្រង់ស៊ីជម្រៅនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាមួយជំហានទៀត តាមរយៈការកំណត់នូវកាតព្វកិច្ចឱ្យ បានច្បាស់លាស់របស់ភាគីពាក់ព័ន្ធ និងការចង្អុលបង្ហាញអំពីការរៀបចំ និងដាក់ចេញនូវបទប្បញ្ញត្តិ គោលការណ៍ និងវិធានចាំបាច់នានាមួយចំនួនទៀត ដើម្បីធានាបានថា ការអនុវត្តប្រតិបត្តិការសន្តិសុខសង្គមប្រព្រឹត្តទៅប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងរក្សាបាននូវចីរភាពហិរញ្ញវត្ថុ។

បន្ថែមពិនេះ សិក្ខាកាមដែលជាតំណាងមកពីស្ថាប័នពាក់ព័ន្ធ បានចូលរួមយ៉ាងផុសផុល និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការដាក់ឱ្យអនុវត្ត អនុក្រឹត្យ ស្ដីពីការធ្វើនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនេះ។

សូមជម្រាបជូនថា និយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនេះ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តតាមរយៈអនុក្រឹត្យលេខ ១៦០ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដើម្បីកំណត់អំពីគោលការណ៍វិធាននីតិវិធី និងយន្តការ នៃការធ្វើនិយ័តកម្មដោយនិយ័តករសន្តិសុខសង្គម លើរាល់ប្រតិបត្តិការសន្តិសុខសង្គម ដើម្បីធានាបាននូវស័ក្ដិសិទ្ធិភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ស្របតាមបញ្ញតិនៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ អង្គភាពក្រោឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕