(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងផ្លូវជាតិ ត្រូវចូលរួមគោរពច្បាប់ស្តីពីផ្លូវថ្នល់ ពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ កុំយកចំណីផ្លូវធ្វើអាជីវកម្ម ដែលបណ្តាលឱ្យទឹកលិចផ្លូវ និងឈានដល់ការខូចខាតផ្លូវថ្នល់។

ការថ្លែងអំពាវនាវរបស់លោកអភិបាលស្រុករវៀងបែបនេះ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារស្រុក រដ្ឋបាលឃុំ ចូលរួមវេនបិណ្ឌទី១១នៅវត្តវង្សាញាតិការមេត្តារាមហៅវត្តក្រពុំឈូក ស្ថិតក្នុងភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងឱកាសនេះដែរ លោក ហោ ប៊ុនហួរ ក៏បានថ្លែងផ្សព្វផ្សាយស្តីពីច្បាប់ផ្លូវថ្នល់ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ ជាពិសេសបានហាមឃាត់ចំពោះការចាក់ដីខ្ពស់ជាងផ្លូវ មិនមានប្រព័ន្ធលូបង្ហូរទឹកត្រឹមត្រូវ និងណែនាំដើម្បីឲ្យក្រុមការងារជំនាញយកគ្រឿងចក្រ ជួយកាយប្រឡាយបង្ហូរទឹកឡើងវិញជូនដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៦២ ក្នុងភូមិស្វាយប៉ាត ឃុំរំដោះ។

លោកអភិបាលស្រុក ក៏បានបានលើកឡើងពីភាពជាក់ស្តែង នៃស្ថានភាពជំនន់ទឹកភ្លៀង ឆ្នាំនេះនិងឆ្នាំកន្លងមក ដែលធ្វើឱ្យមានការជន់លិចផ្ទះសំបែង ពិសេសលិចផ្លូវថ្នល់នៅតាមទីតាំងមួយចំនួន ដែលកត្តានេះបណ្តាលមកពីការចាក់ដីខ្ពស់ជាងផ្លូវ និងយកចំណីផ្លូវធ្វើអាជីវកម្ម។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ជាមួយសមត្ថកិច្ច ផ្តល់ព័ត៌មាន ឈានដល់ការលុបបំបាត់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមមូលដ្ឋាន។

លោក ហោ ប៊ុន ហួរ និងក្រុមការងារបានចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលបានចូលរួមសរុបចំនួន៣៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន សំពត់ខៀន ខោចែវ ក្រម៉ា និងថវិកា ១០,០០០រៀល និងបាននាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ វេរប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យកាន់បិណ្ឌទី១១ នៅវត្តវង្សាញាតិការមេត្តារាម(ក្រពុំឈូក) ស្ថិតក្នុងភូមិស្វាយប៉ាត ឃុំរំដោះ ហើយបានជូនអំណោយដល់លោកតា លោកយាយ មានសំពត់ខៀន ខោចែវ ក្រម៉ា និងថវិកាម្នាក់ៗ ៥០០០រៀលផងដែរ៕