(កំពង់ធំ)៖ លោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា, លោក ផូង វណ្ណ ប្រធានសាលាដំបូងខេត្ត និងលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាខេត្តកំពង់ធំ រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចូលរួមកាន់បិណ្ឌវេនទី១២ នៅឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោកបណ្ឌិត ជីវ កេង ក៏បានជម្រាបជូន ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់អំពីការរីកចម្រើនលើកគ្រប់វិស័យរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសូមអរគុណសន្តិភាព ដូច្នេះសូមឲ្យប្រជាពលដ្ឋទាំងអស់ត្រូវធ្វើអំពើល្អ ឲ្យបានច្រើនដើម្បីរស់នៅសុខដុមរមនា។
លោក ជីវ កេង បានបន្តថា ការនាំយកគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតាបិតាជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខសូមឲ្យមកទទួលយកនូវអត្ថមនុញ្ញផលវេនកាន់បិណ្ឌទី១២នេះហើយ ដោយអំណាចផល្លាអានិសង្ឃ ពីការធ្វើបុណ្យទាននាពេលនេះ សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នក ដែលមានគុណបានទៅកើតនៅឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកបានបញ្ជាក់ទៀតថា វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋទូទៅតែងតែគោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ នៅតាមទីវត្ត អារាមនានា និងសូមឱ្យអាជ្ញាធរ សមត្ថកិច្ចទាំងអស់ត្រូវការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាដើម្បីធ្វើយ៉ាងណាបង្ករ លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន។
លោក ជីវ កេង ក៏បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នាចូលរួមគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យ ធ្វើអំពើល្អឲ្យបានច្រើននិងជាពលរដ្ឋល្អព្រមទាំងចូលរួម ធើ្វការអភិវឌ្ឍន៍ប្រទេសជាមួយរដ្ឋាភិបាលទាំងអស់គ្នា។
ជាមួយគ្នានេះ ព្រះតេជគុណ សៀង សុខ ព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ និងជាព្រះមេគុណខេត្តបានថ្លែងអំណរគុណដល់លោក ជីវ កេង និងលោកស្រី ឆាយ ស៊ីណា ព្រមទាំងសហការី ដែលតែងតែជួយផ្ដួចផ្ដើមក្នុងការកសាងនៅព្រះវិហារ សាលាឆាន់និងពុទ្ធិវិទ្យាល័យដើម្បីឲ្យព្រះសង្ឃបានសិក្សារៀនសូត្រទៅតាមគន្លងព្រះធម៌ដើម្បីក្លាយជាធនធានដែលមានចំណេះដឹងសម្បូរបែបនៅក្នុងវិស័យព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថាលោក ជីវ កេង និងលោកលោកស្រី ឆាយ ស៊ីណា បានប្រគេនអង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកបរិសុទ្ធ ទឹកក្រូច ប្រេងឆា ស្ករស និងសម្ភារជាច្រើនទៀត ព្រមទាំងបច្ច័យ សម្រាប់កសាងសាលាឆាន់ នូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លាអាមេរិក និងបានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៤០អង្គ ក្នុងមួយអង្គថវិកា៤ម៉ឺនរៀល លោកយាយ លោកតា៥០ នាក់ក្នុងមួយនាក់ទទួលបាន សារ៉ុង ថវិកា ២ម៉ឺនរៀល៕