(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងកំពង់បន្តធ្លាក់យ៉ាងគំហុក ។ លោក សាយ គឹម ឡម បានអំពាវនាវនៅពេលដែលលោក និងក្រុមការងារបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់នៅឃុំប្រឡាយ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមបង្កើនការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងជាយថាហេតុ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង ដោយឡែកឃុំប្រឡាយបានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗគ្នាខ្លាំង ជាងគេដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាននិងផ្លូវលំមួយចំនួន។
លោកបានបន្ថែមថា ដោយសារស្ថានភាពអាកាសធាតុនៅក្នុងតំបន់ក៏ដូចជានៅកម្ពុជា កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខហេតុនេះហើយសូមបងប្អូនបង្កើនការប្រយ័ត្នខ្ពស់ ពិសេស សូមប្រុងប្រយ័ត្ន ចំពោះកូនចៅក្មេងៗតូចៗកុំបណ្ដោយឲ្យលេងទឹក និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាពនិងសុវត្ថិភាពចំណីអាហារ ហើយរដ្ឋបាលឃុំត្រូវតាមដាននិងធ្វើ
របាយការណ៍អំពីស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលស្រុកដើម្បីបានជាមូលដ្ឋានក្នុងការជួយ សង្គ្រោះឲ្យបានទាន់ពេលវេលាបើមានស្ថានភាព ធ្ងន់ធ្ងរជាងនេះ។
ជាចុងបញ្ចប់ លោកអភិបាលស្រុកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋាន សូមជួយកាយលូរដែលស្ទះនៅតាមភូមិឋានរបស់ខ្លួនដើម្បីជួយបន្ធូរ និងរំដោះទឹកឱ្យបានទាន់ពេលវេលានិងដើម្បីកុំឲ្យមានការកកស្ទះយូរថ្ងៃ៕