(សៀមរាប)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានលើកថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ ដល់ភូមិចំនួន ១៥០ភូមិ នៃឃុំចំនួន៣១ ក្នុងស្រុកចំនួន៨ រួមមាន ៖ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង។
ក្នុងនោះដែរ ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២.៩០៦គ្រួសារ លិចបរិវេណផ្ទះកម្រិតស្រាលចំនួន ១.៧៦០ខ្នង និងកម្រិតធ្ងន់ចំនួន២៩ខ្នង ហើយពលរដ្ឋចំនួន ៤គ្រួសារ បានជម្លៀសដោយខ្លួនឯងទៅនៅជាមួយសាច់ញាតិ។ ចំពោះប្រជាពលរដ្ឋដ៏ទៃទៀតពុំទាន់ដល់កម្រិតដែលត្រូវជម្លៀសនៅឡើយ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាបបានឱ្យដឹងថា ក្រៅពីប៉ះពាល់ដល់លំនៅឋាននិងប្រជាពលរដ្ឋនោះ ទឹកជំនន់បានប៉ះពាល់ដល់ស្រូវពង្រោះចំនួន ៦.១២៥ហិកតា ដំឡូងមី ចំនួន ១.៥៧៨ហិកតា លិចទីធ្លាសាលារៀន ៣៣កន្លែង លិចបរិវេណមណ្ឌលសុខភាព ០៤កន្លែង អាគាររដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល ០៧កន្លែង លិចបរិវេណវត្ត ០៦កន្លែង លិចផ្លូវប្រវែង ៧៨.៤២៦ម៉ែត្រ និងខូចខាតប្រវែង ២.៣៦៦ម៉ែត លិចខ្នងទំនប់ ខ្នងប្រឡាយ ប្រវែង ១៩.២២៣ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត លិចស្ពាន ០១កន្លែង និងខូចខាតប្រវែង ១០ម៉ែត្រ ងាប់គោចំនួន ០១ក្បាល និងងាប់មាន់ទាសរុបចំនួន ៦៧៦ក្បាលផងដែរ។
ទន្ទឹមនឹងនោះដែរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗ របស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អ ចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក ការថែទាំសុខភាព ការបង្កាជំងឺរាករូស ការពារពីសត្វមានពិស និងការស្វែងរកទីទួលមានសុវត្ថិភាព ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងបន្ថែមទៀត។
តាមការព្យាករណ៍អាការធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២១-២៩ ខែកញ្ញា ឆ្នាំ២០២២ ឥទ្ធិពលជ្រលងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអាចធ្វើឱ្យមានជំនន់ទឹកភ្លៀងកើតឡើង ជាយថាហេតុ ស្របពេលតំបន់មួយចំនួនមានការជន់លិចស្រាប់នាអំឡុងពេលនេះ។ លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្តត្រៀមលក្ខណៈ ដើម្បីតាមដាន និងត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះក្នុង ករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗផងដែរ។
សូមបញ្ជាក់ផងដែរ ក្រុងសៀមរាបបានជន់លិចដោយជំនន់ទឹកភ្លៀងចំនួន១១សង្កាត់ រួមមាន៖ សង្កាត់ជ្រាវ សង្កាត់គោកចក សង្កាត់ស្រង៉ែ សង្កាត់ស្លក្រាម សង្កាត់ក្របីរៀល សង្កាត់សៀមរាប សង្កាត់សំបួរ សង្កាត់នគរធំ សង្កាត់ទឹកវិល សង្កាត់ស្វាយដង្គំ និងសង្កាត់សាលាកំរើក។ ចំណែកសង្កាត់ចុងឃ្លៀស បណ្ដាលឲ្យលិចនូវហេដ្ឋារចនាសម្ព័ន្ធនានា បរិវេណផ្សារ សាលារៀន មណ្ឌលសុខភាព និងតាមបណ្តាដងផ្លូវសំខាន់ៗ និងបានស្រកទឹកវិញជាបណ្តើរៗ ក្រុមការងារ រដ្ឋបាលក្រុង និងសង្កាត់ បានធ្វើការរំដោះទឹកចេញពីតំបន់លិចទាំងនោះផងដែរ៕