(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ម៉ូតូប្រមាណជាង១,០០០គ្រឿងបន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតនៅទីតាំងបញ្ចាំដោយខុសច្បាប់ នៅឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងចុះយកព័ត៌មានដោយផ្ទាល់ក្នុងប្រតិបត្តិការត្រួតពិនិត្យទីតាំងបញ្ចាំ ដែលដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះពិនិត្យរកឃើញទីតាំងបញ្ចាំដោយខុសច្បាប់ ចំនួន៩កន្លែងបន្ថែមទៀត ក្នុងនោះរកឃើញ ម៉ូតូសរុបប្រមាណ១,០០០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ។

បើតាមសេចក្ដីរាយការណ៍ ម៉ូតូដែលត្រូវបានយកបញ្ចាំដោយខុសច្បាប់នេះ គឺម្ចាស់ទីតាំងមិនបានយកឯកសារបញ្ជាក់ពីអ្នកដែលយកមកបញ្ចាំនោះទេ ពោលគ្រាន់តែធ្វើលិខិតបញ្ចាំជាមួយបុគ្គលនោះតែប៉ុណ្ណោះ។

ក្រៅពីម៉ូតូប្រមាណជាង១,០០០គ្រឿងនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ ចំនួន៩នាក់ ក្នុងនោះម្នាក់ជាមេក្លោងធំ ហើយត្រូវបានបញ្ជូនទៅធ្វើការសួរនាំបន្ដនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

យ៉ាងណាមិញ ប្រតិបត្តិការនេះមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ ពោលប៉ុន្មានថ្ងៃមកនេះ លោក ឃ្លាំង ហួត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង ចុះពិនិត្យទីតាំងបញ្ចាំដែលសង្ស័យថារកស៉ីបញ្ចាំដោយខុសច្បាប់រៀងរាល់ថ្ងៃ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដោយមានការចូលរួមពី លោក ជា ពិសី អភិបាលខណ្ឌផងដែរ៕